ចិន៖ សត្វក្រពើចំនួន ៣៦ ក្បាលក្នុងចំណោម ៧១ ក្បាលដែលបានរួចចេញពីកសិដ្ឋានមួយក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន ត្រូវបានក្រុមមន្រ្តីជំនាញចិនចាប់បានគិតត្រឹមថ្ងៃសុក្រនេះ ហើយរហូតមកដល់ពេលនេះមិនមានករណីស្លាប់ ឬរបួសណាមួយត្រូវបានរាយការណ៍ទេ អាជ្ញាធរក្នុងតំបន់នៅតែបន្តការខិតខំស្វែងរក ដើម្បីស្វែងរកក្រពើមួយចំនួនដែលនៅសេសសល់។
មូលហេតុដែលបណ្ដាលឲ្យក្រពើរួចនេះ គឺដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុង Haikui បានបោកបក់ទីក្រុង Maoming (ម៉ៅមីង) នៃខេត្ត ក្វាងទុង កាលពីចុងសប្តាហ៍ ដោយទឹកជន់លិចបានបណ្តាលឱ្យមានការបាក់រលំទីតាំងមួយចំនួននៅកសិដ្ឋានចិញ្ចឹមក្រពើដោយបានបណ្តាឲ្យក្រពើទាំងនោះបានហូរចេញពីកសិដ្ឋាន។យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានអះអាងថាក្រពើធំៗចំនួន ៦៩ក្បាល និងកូនក្រពើ ២ ក្បាលដែលបានរួចចេញពីកសិដ្ឋាននោះ សុទ្ធសឹងតែជាក្រពើដែលបង្កគ្រោះថ្នាក់។ អាជ្ញាធរក្នុងតំបន់ បានប្រើប្រាស់រថយន្តបូមទឹកចំនួន ៨ គ្រឿងបូមទឹកចេញពីស្រះក្នុងកសិដ្ឋាន ដើម្បីរាប់នៃចំនួនក្រពើដែលនៅសេសសល់ ។
គួរបញ្ញាក់ថា អាជ្ញាធរនៅក្នុងតំបន់ បានបង្កើតប៉ុស្តិ៍ឃ្លាំមើលចំនួន ៥១ នៅជុំវិញកសិដ្ឋាន និងរៀបចំមន្រ្តីជំនាញជិត ១,០០០ នាក់ រួមទាំងប៉ូលីសប្រដាប់អាវុធ អ្នកពន្លត់អគ្គីភ័យ និងកងជីវពលស៊ីវិល ដើម្បីល្បាតជុំវិញបឹង ស្រះ និងវាលស្រែ ដើម្បីជួយស្វែងរកសត្វក្រពើដែលកំពុងបាត់ខ្លួនផ្សេងទៀត។ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋានបានដាស់តឿនដល់ប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យងូតទឹកបឹង ឬចូលទៅតំបន់ហាមឃាត់៕