681 ezgif.com resize
Moneygramott moi1280x163px

សម្តេច ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនយ៉ាងកក់ក្តៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ប៉េកាំង៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅប្រទេសចិន ដោយមានការទទួលយ៉ាងកក់ក្តៅពីសមមិត្តចិន។ ដំណើរទស្សនកិច្ចនេះ សម្តេច ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ព្រមទាំងមេក្រុមហ៊ុនធំៗនៅក្នុងប្រទេសចិនផងដែរ។

ដំណើរនៃការអញ្ជើញដល់របស់ សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤កញ្ញាម្សិលមិញនេះ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ដោយលោក ណុង រ៉ុង អនុរដ្ឋមន្ត្រីការបរទេសចិន។ ហើយសម្តេចក៏បានអញ្ជើញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ដល់វីរបុរសប្រជាជន នៅទីលានធានអានមិន ក្នុងទីក្រុងប៉េកាំង ភ្លាមៗបន្ទាប់ពីសម្តេចបានមកដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

សម្តេច ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន ដែលផ្ដោតសំខាន់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏អញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។

ក្នុងដំណើរទស្សនកិច្ចដែលបង្ហាញឱ្យឃើញពីនយោបាយពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។ សម្តេច ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន,លោក ចាវ ឡឺជី ប្រធាន សភា តំណាងប្រជាជនចិន។

ក្រៅពីការជួប និងពិភាក្សាការងារជាមួយប្រធានាធិបតីចិន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន សម្តេច ហ៊ុន ម៉ាណែត ក៏បានជួប និងពិភាក្សាការងារជាមួយមេក្រុមហ៊ុនធំៗដូចជា លោក ហាន ស៊ាជុន ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group, លោក លាំង ហ័រ ប្រធាន ក្រុមហ៊ុន Huawei Technology Co., Ltd, លោក វ៉ាង តុងជូ ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation និងលោក វិន ស៊ូកាំង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group។

សូមជម្រាបថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីនៅទី ១៤ កញ្ញា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេច តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន៕


Khcct banner

អត្ថបទទាក់ទង