
មណ្ឌលគិរី៖ កូនសត្វត្រយងយក្ស ២ក្បាល ដែលជាប្រភេទជិតផុតពូជ និងកូនសត្វក្រៀល ២ក្បាល ដែលជាប្រភេទកំពុងទទួលរងការគំរាមកំហែង ត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា កាលពីពេលថ្មីៗនេះ ដោយក្រុមត្រួតពិនិត្យ និងតាមដានសត្វព្រៃមកពីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS Cambodia)។
កូនសត្វត្រយងយក្ស ២ក្បាល និងកូនសត្វក្រៀល ២ក្បាល ត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ នៅក្នុងសំបុករបស់សត្វត្រយងយក្ស គឺជាកូនសត្វត្រយងយក្ស ២ ក្បាលដែលទំនងជាមានសុខភាពញាស់ធំធាត់ និងអាចហើរចេញពីសំបុកបាននាពេលឆាប់ៗខាងមុខនេះ ខណៈកូនសត្វក្រៀលដែលទើបនឹងញាស់ចំនួន ២ ក្បាល បានហើរចេញពីសំបុករបស់ពួកវាដោយសុវត្ថិភាព។
សូមបញ្ជាក់ថា USAID មរតកបៃតងកំពុងធ្វើការជាមួយដៃគូអភិរក្ស អង្គការ WCS ដើម្បីគាំទ្រកម្មវិធីការពារសំបុកសត្វព្រៃដែលការពារសត្វស្លាប និងជម្រករបស់ពួកគេ។ ការរកឃើញទាំងពីរដ៏គួរឱ្យរំភើបនេះបានជំរុញទឹកចិត្ត ក៏ដូចជាធ្វើឱ្យមានសង្ឃឹមយ៉ាងមុតមាំថា ក្នុងការការពារ និងរងចាំមើលការកើនឡើងនៃចំនួនសត្វព្រៃដែលរងការគំរាមកំហែងទាំងនេះ៕

