ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសរុស្ស៊ី តាមរថភ្លើងឯកជនរបស់ខ្លួនជាដំណើរទស្សនកិច្ចអមដោយមន្ត្រីឧស្សាហកម្មអាវុធកំពូល ក្នុងចំណោមអ្នកការទូត និងមេបញ្ជាការយោធាផ្សេងទៀតរបស់កូរ៉េខាងជើង។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ឲ្យដឹងថា លោក គីម បានចាកចេញពីប្រទេសកាលពីថ្ងៃអាទិត្យក្នុងការធ្វើដំណើរទៅជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ពិភាក្សាអំពីការទិញសព្វាវុធ និងកិច្ចការផ្ទៃក្នុងរវាងរុស្សី-កូរ៉េខាងជើងមួយចំនួនទៀត។
ក្នុងចំណោមគណៈប្រតិភូមានសមាជិកយោធាដ៏លេចធ្លោនៃបក្សកាន់អំណាច រួមមានលោក Jo Chun Ryong ប្រធាននាយកដ្ឋានឧស្សាហកម្មគ្រាប់បែកនិងជាអ្នកវិទ្យាសាស្រ្តដ៏ខ្លាំងម្នាក់ក្នុងប្រទេសកូរ៉េខាងជើង ដំណើរទស្សនកិច្ចនេះនឹងផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងកិច្ចការសន្តិសុខរបស់កូរ៉េខាងជើង វត្តមានរបស់ Jo Chun Ryong ទៅកាន់រុស្សីកំពុងបង្ហាញថាកូរ៉េខាងជើង និងរុស្ស៊ីនឹងបញ្ចប់កិច្ចព្រមព្រៀងមួយចំនួនសម្រាប់ការទិញអាវុធ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថាដំណើររបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី និងជួបជាមួយលោក ពូទីន នឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញ និងមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ លោកបានបន្តថា៖ «រុស្សីនឹងបន្តពង្រឹងមិត្តភាពជាមួយកូរ៉េខាងជើង»៕