ចិន៖ទិន្នន័យថ្មីបំផុតដែលក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃទី៤ខែសីហា បង្ហាញថា នៅឆមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មសេវាកម្មនៃប្រទេសចិនគឺ២,២ទ្រីលានយាន់ប្រាក់ចិនដែលបានធ្លាក់ចុះ១៤,៧%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។
បើតាមក្រសួងពាណិជ្ជកម្មចិនមូលហេតុសំខាន់គឺដោយមកពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ដែលបានកាត់បន្ថយចំនួនមនុស្សឆ្លងដែនទៅមក ដូចនេះ ការផ្គត់ផ្គង់និងតម្រូវការនៃសេវាកម្មក៏ត្រូវបានកាត់បន្ថយក្នុងពេលដំណាលគ្នាផងដែរ។
ក្នុងបរិបទដែលពាណិជ្ជកម្មសេវាកម្មពិភពលោកទាំងមូលបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពាណិជ្ជកម្មសេវាកម្មនៃប្រទេសចិនមាននិន្នាការប្រកបដោយស្ថិរភាពជាទូទៅ ជាពិសេសគឺការនាំចេញសេវាកម្មមានភាពល្អជាងការនាំចូលយ៉ាងច្បាស់ ការនាំចេញបានធ្លាក់ចុះ២,២% ឱនភាពពាណិជ្ជកម្មបានធ្លាក់ចុះយ៉ាងខ្លាំង។
អ្នកសារព័ត៌មានក៏បានទទួលដំណឹងទៀតថា នៅខែកញ្ញាខាងមុខនេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២០នឹងបើកធ្វើនៅក្រុងប៉េកាំងតាមទម្រង់អនឡាញនិងការដាក់តាំងបង្ហាញជាក់ស្តែង៕អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន