ភ្នំពេញ៖ ក្រសួងធនធានទឹក ត្រៀមរំដោះជំនន់ទឹកភ្លៀងមួយភាគធំ ចូលទៅក្នុងទន្លេបាសាក់ ទន្លេមេគង្គ និងតំបន់វាលទំនាបនានា ដើម្បីបញ្ចៀសការជន់លិចរាជធានីភ្នំពេញ និងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ នារដូវវស្សា ក្នុងឆ្នាំ២០២៣នេះ។
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ រួមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្តជាប់នឹងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌស្រុក និងឃុំ-សង្កាត់ពាក់ព័ន្ធបានចុះពិនិត្យទីតាំងជាក់ស្តែង ដែលត្រូវដោះទឹកជំនន់ទឹកភ្លៀង ពីរាជធានីភ្នំពេញ ។ ក្រសួងធនធានទឹក បាននិងកំពុងរៀបចំផែនការបន្ទាន់ ដើម្បីដោះទឹកជំនន់ពី រាជធានីភ្នំពេញ ក្នុងគោលបំណងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងស្ថិរភាពសង្គម ។
ចំពោះមុខ ក្នុងឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក នឹងធ្វើការបង្វែរទឹកជំនន់ មួយភាគធំ តាមប្រព័ន្ធដោះទឹកនានា ទៅកាន់ទន្លេបាសាក់ ទន្លេមេគង្គ និងតំបន់វាលទំនាប។ ឆ្នាំ២០២៤ ក្រសួងគ្រោងនឹងពង្រឹងការគ្រប់គ្រងទឹកជំនន់ប្រកបដោយប្រសិទ្ធភាពតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធដោះទឹក និងបំពាក់ស្ថានីយបូមទឹកខ្នាតធំ។ ហើយបញ្ចប់ការងារធ្វើទំនើបកម្មវិស្វកម្ម និងការរៀបចំឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយលើប្រព័ន្ធដោះទឹកចេញពីរាជធានីភ្នំពេញប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់៕