
សៀមរាប៖ ប្រទេសចិន គ្រោងក្នុងការផ្ដល់ជំនួយបច្ចេកទេស សម្រាប់ការងារអភិរក្ស និងជួសជុលប្រាសាទបេងមាលានាពេលខាងមុខនេះ។ នេះបើតាមជំនួបរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយគណៈប្រតិភូខេត្តជឺជាំង នៃប្រទេសចិន កាលពីថ្ងៃទី៨ កញ្ញា ម្សិលមិញនេះ។
រដ្ឋាភិបាលចិនបានផ្ដល់ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សបច្ចេកទេសជួសជុលប្រាសាទខ្មែរចំនួន០២ ក្នុងតំបន់អង្គរ គឺ ប្រាសាទចៅសាយទេពតា និងប្រាសាទតាកែវ ដែលមកដល់ពេលនេះបានបញ្ចប់ជាស្ថាពរហើយ។ ជាមួយគ្នានោះ ចិនក៏បានគ្រោងក្នុងការផ្ដល់ជំនួយបច្ចេកទេស សម្រាប់ការងារអភិរក្ស និងជួសជុលប្រាសាទបេងមាលានាពេលខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ខេត្តសៀមរាប ជាមួយប្រទេសចិន បានចងសម្ព័ន្ធមេត្រីភាព និងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្ត-ក្រុងចំនួន ៣០ នៃប្រទេសចិនរួមមាន បានចុះអនុស្សារណៈនៃការយោគយល់គ្នា ចំនួន ០៩ ខេត្ត-ក្រុង, ចុះកិច្ចព្រមព្រៀងចំនួន០៦ខេត្ត-ក្រុង និងបានធ្វើលិខិតផ្ដួចផ្ដើមចំនួន១៥ខេត្ត-ក្រុង៕

