
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នៅថ្ងៃទី០៩ កញ្ញានេះ បានសម្រេចអនុញ្ញតឲ្យមានមានការរៀបចំធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេស ដោយចាប់ផ្ដើមរៀបចំពីប្រទេសកូរ៉េ ដើម្បីផ្ដល់ការងាយស្រួលដល់ពលករខ្មែរកុំឲ្យមានការលំបាកក្នុងការធ្វើលិខិតឆ្លងដែន។ ការលើកឡើងនេះធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច ចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតាមបណ្ដាលរោងចក្រ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះមានពលករខ្មែរច្រើនមានការលំបាកក្នុងការធ្វើលិខិតឆ្លងដែន និងលិខិតថ្កោលទោស នៅក្រៅប្រទេស។ ដើម្បីដោះស្រាយនូវកង្វល់នេះ សម្ដេចសម្រេចបង្កើតការិយាល័យ ធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដែលចាប់ផ្ដើមពីប្រទេសកូរ៉េ តែម្ដង។ ក្រៅពីសម្រេចឲ្យបើកការិយាល័យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស សម្តេចប្រមុខរដ្ឋាភិបាលក៏ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អនុញ្ញាតិឲ្យរៀបចំការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញ ដោយសម្រួលនីតិវិធីឲ្យសមញ្ញនិងងាយស្រួល។ ការចេញសេចក្ដីសម្រេចដោយសារតែសម្ដេច សង្កេតឃើញពីការលំបាករបស់ពលករខ្មែរនៅក្រៅប្រទេស ជួបផល់វិបាកទាក់ទងទៅនឹងការធ្វើលិខិតឆ្លងដែន ទើបសម្ដេចអនុញ្ញាឲ្យមានការរៀបចំការល័យនេះឡើង។
សម្ដេចបញ្ជាក់ថា ពលករនៅក្រៅប្រទេស គឺត្រូវបានគិតគូរអំពីការគាំពារ ចំពោះពួកគាត់ ហើយសម្ដេចក៏នឹងធ្វើការងារជាមួយបណ្ដាលប្រទេស ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ព្រមទាំងកិច្ចការពារទៅពលករខ្មែរផងដែរ៕