ភ្នំពេញ៖ នៅវេលាម៉ោង៩ ថ្ងៃទី៨ ខែកញ្ញា ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានឆ្លើយតបចំពោះព័ត៌មានរាយការណ៍អំពីការលង់ទឹកនៃកុមារអាយុ៣ខែ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នេះបើតាមការឲ្យដឹងពីអង្គភាពការពារកុមារ។
នៅពេលទៅដល់កន្លែងកើតហេតុ ក្រុមការងាររបស់អង្គភាពការពារកុមារ (CPU) បានទទួលព័ត៌មានអំពីរឿងហេតុពីមន្ត្រីនគរបាលខេត្តកណ្តាល។ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រតិបត្តិការពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យទៅលើសាកសពកុមារ។
កម្លាំងជំនាញក៏បានកំណត់ថាការស្លាប់នេះ គឺបង្កដោយអំពើឃាតកម្ម។ អ្នកជិតខាង និងសាក្សីជាច្រើននាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរ ហើយក្នុងរយៈពេល៣ម៉ោង ម្តាយបង្កើតរបស់កុមាររងគ្រោះត្រូវបានកម្លាំងជំនាញកំណត់ជាមុខសញ្ញាសង្ស័យ។
គួរបញ្ជាក់ថា ម្តាយកុមាររងគ្រោះ ដែលមានអាយុ២៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីធ្វើការសាកសួរបន្ថែម រហូតឈានទៅដល់ការឆ្លើយសារភាពអំពីសកម្មភាពសម្លាប់កូនរបស់ខ្លួន និងត្រូវបានកម្លាំងសមត្ថកិច្ចចោតពីបទឃាតកម្មដោយចេតនា៕