
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្ដេច ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំចំនួន ១៣កិច្ចប្រជុំ និងជួបជាមួយថ្នាក់ដឹកនាំ មិនតិចជាង២០រូប ដែលជំនួបនោះផ្ដោតសំខាន់ទៅលើវិស័យនយោបាយការទូត និងវិស័យសេដ្ឋកិច្ច។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងរយៈពេល៤ថ្ងៃ នៃបេសកកម្មនេះ រដ្ឋាភិបាលកម្ពុជាថ្មី សម្ដេច ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំនួន១៣កិច្ចប្រជុំ ថ្លែងសុន្ទរកថាចំនួន ១២លើក និងជួបពិភាក្សាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន តំបន់ និងអន្តរជាតិ មិនតិចជាង២០រូបឡើយ។

នៅក្នុងជំនួបនោះ ផ្ដោតសំខាន់ទៅលើការបន្តពង្រឹង និងពង្រីក នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ជាពិសេស នៅក្នុងជំនួបនោះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានទទួលការអញ្ជើញ ទៅបំពេញទស្សនកិច្ច និងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។
ចំណែកនៅលើវិស័យសេដ្ឋកិច្ច សម្ដេច ហ៊ុន ម៉ាណែត បានពិភាក្សាអំពីវិស័យ ដែលមានសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី នៅគ្រប់ជំនួប។ ថ្នាក់ដឹកនាំទាំងអស់ក៏បានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគកសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សូមបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះសម្តេច ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ និងបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និង មហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី៕







