
វៀតណាម៖ គណបក្សកម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី៦ កញ្ញា បានជួបគ្នានៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម។ ការជួបគ្នានេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សនិងប្រជាជនន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ ជាពិសេសថ្នាក់ដឹកនាំ បក្សទាំងបីបានឯកភាពលើការតម្រង់ទិសសំខាន់ៗសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង បក្សទាំងបី និងប្រទេសទាំងបីលើវិស័យផ្សេងៗ ដែលជាផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននាពេលអនាគត។
លោក ង្វៀន ហ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានជួបជុំគ្នា នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម។

នៅក្នុងជំនួបនោះ មេដឹកនាំបក្សទាំងបី បានកោតសរសើរចំពោះទំនាក់ទំនងល្អរវាងបក្ស និង ប្រជាជននៃប្រទេសទាំងបី ដែលមានការវិវឌ្ឍជាវិជ្ជមានកាន់តែរីកចម្រើនស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះរួមមាន ទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ និងបច្ចេកទេស។ ថ្នាក់ដឹកនាំបក្សទាំងបី ក៏បានឯកភាពលើការតម្រង់ទិសសំខាន់ៗសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង បក្សទាំងបី និងប្រទេសទាំងបីលើវិស័យផ្សេងៗ ដែលជាផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននាពេលអនាគត។
បន្ថែមពីនេះ ថ្នាក់ដឹកនាំបក្សទាំងបី បានឯកភាពបន្តលើកកម្ពស់យន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងស្រាវជ្រាវ បង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មីមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រជាជន នៃប្រទេសទាំងបី សម្រាប់ជាផលប្រយោជន៍របស់ប្រជាជន ការកសាងនិងការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕


.jpg?1694144241)