Cctimesw1140xh150cm copy

វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង ធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ដោយសារតែចំនួនភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅលើកំពូលនៃប្រាសាទភ្នំបាខែង ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀតដើម្បីបញ្ជៀសចំនួនកកកុញនៃការទស្សនា ក៏ដូចជាបង្កើតជាជម្រើសសម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុខភាពផង។

ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់ប្រាសាទ។ ភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ នៅពេលហត់ ភ្ញៀវទេសចរក៏អាចឈប់សម្រាកតាមផ្លូវសុវត្ថិភាពដែលអាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងជាច្រើន ហើយកន្លែងទាំងនោះ សុទ្ធតែអាចផ្តិតយករូបភាពនានាដូចជាគោលដៅទី១ អាចថតប្រាសាទបក្សីចាំក្រុង គោលដៅទី២ នៅចង្កេះភ្នំ គឺមានរានហាលសម្រាប់ឱ្យភ្ញៀវអាចទស្សនាទេសភាពបារាយណ៍ខាងលិចទាំងមូល ឯខ្សែទស្សនាបន្ត បន្ទាប់ពីទៅដល់លើភ្នំ មានរានហាលមួយទៀតសម្រាប់ឱ្យទេសចរទស្សនាថ្ងៃរះ និងថ្ងៃលិចជាដើម។

បន្ទាប់ពីភ្ញៀវទេសចរឡើងទៅដល់កំពូលភ្នំ គឺនៅមានខ្សែទស្សនាបន្តទៀត ដោយពួកគេអាចដើរទស្សនាទៅតាមវង់ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំមានកន្លែងសំខាន់ៗមួយចំនួនទៀតដូចជា រៀបចំឱ្យភ្ញៀវអាចមើលឃើញកំពូលប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទៅទស្សនាពុទ្ធបាទ រួចតម្រង់ឡើងទៅលើភ្នំតែម្ដងចាប់ពីទិសខាងកើត។

អាជ្ញាធរជាតិអប្សរារៀបចំវង់ទស្សនាបែបនេះ គឺក្នុងបំណងចង់ឱ្យភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ច្រើន តាំងពីការចាប់ផ្ដើមដើរឡើងភ្នំរហូតដល់លើកំពូលភ្នំ។ ភ្ញៀវទេសចរណ៍អាចមើលឃើញប្រាសាទបក្សីចាំក្រុង ឃើញទិដ្ឋភាពបារាយណ៍ខាងលិចទាំងមូល ឃើញកំពូលប្រាសាទអង្គរវត្ត ជាពិសេសនោះ គឺពេលភ្ញៀវឡើងដល់កំពូលភ្នំ ពួកគេអាចមើលឃើញទិដ្ឋភាពថ្ងៃរះ ថ្ងៃរៀបលិច មើលឃើញទិដ្ឋភាពទីក្រុងសៀមរាប ព្រមទាំងឃើញព្រៃឈើទាំងមូលដែលស្ថិតនៅជុំវិញភ្នំបាខែងផង៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង