ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តភីកអាប់ចំនួន ២៣ គ្រឿង ម៉ូតូចំនួន ៣៧ គ្រឿង ឧបករណ៍រាវរកមីនចំនួន ៣០ គ្រឿង និងសម្ភារ:ផ្សេងទៀតដែលចាំបាច់សម្រាប់ CMAA ដើម្បីធ្វើអង្កេតចំការមីន។ ពិធីប្រគល់ និងទទួលនូវសម្ភារទាំងនេះ ត្រូវបានធ្វើឡើងដោយលោក អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយ លោក លី ធុជ ប្រធានអាជ្ញាធរមីន នៅអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(CMAA) នាថ្ងៃទី៥កញ្ញា។
បើតាមការចុះផ្សាយ ជំនួយពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ទាំងនោះរួមមាន រថយន្ត(Pickup) ២៣គ្រឿង, ម៉ូតូ ៣៧ គ្រឿង, ឧបករណ៍GPS ៥៤គ្រឿង, ឧបករណ៍ការពារសុវត្ថិភាព ៣០ឈុត, ម៉ាស៊ីនរាវមីន ៣០គ្រឿង, កុំព្យូទ័រយួរដៃ ៧៥គ្រឿង, គ្រឿងបន្លាស់រថយន្ត ២៣គ្រឿង និងគ្រឿងបន្លាស់ម៉ូតូ ៣៧គ្រឿង។
ជាមួយគ្នានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ិ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបាននៃការងារបោសសម្អាតមីននៅកម្ពុជា ដោយទទួលបានផ្ទៃដីធំជាងគេក្រោយបញ្ចប់សង្រ្គាម។
លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាជឿជាក់ថា៖« គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ នឹងត្រូវរំដោះចេញពីទឹកដីកម្ពុជា ហើយប្រជាជនកម្ពុជានឹងទទួលបាននូវសុវត្ថិភាព។ សម្រាប់ឧបករណ៍ខាងលើដែលខ្ញុំ ប្រគល់ឱ្យនាពេលនេះនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅ គ្មានមីននៅឆ្នាំ ២០២៥»៕