ចិន៖ ប្រទេសចិនបានបញ្ជាឱ្យមន្ត្រីនៅទីភ្នាក់ងាររដ្ឋាភិបាលកណ្តាលទាំងអស់មិនត្រូវប្រើប្រាស់ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍ម៉ាកយីហោបរទេសផ្សេងទៀតសម្រាប់ការងារ ឬទូរស័ព្ទចូលទៅក្នុងការិយាល័យនោះទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត Wall Street Journal។
ការហាមឃាត់នេះធ្វើឡើងនៅមុនព្រឹត្តិការណ៍ Apple នៅសប្តាហ៍ក្រោយ ដែលអ្នកវិភាគជឿថានឹងនិយាយអំពីការចេញលក់ iPhone ស៊េរីថ្មី ហើយអាចបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន ស្របពេលដែលភាពតានតឹងរវាងចិន និងអាម៉េរិកកំពុងតែមានការកើនឡើងជាខ្លាំង។ ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសុវត្ថិភាពទិន្នន័យ ហើយបានដាក់ចេញនូវច្បាប់ថ្មី និងលក្ខខណ្ឌតម្រូវសម្រាប់ក្រុមហ៊ុននានាដែលកំពុងមានវត្តមានក្នុងប្រទេសចិន។
ភាពតានតឹងរវាងចិន និងអាម៉េរិកបានកើនឡើងខ្ពស់ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីរារាំងការនាំចូលឧបករណ៍សំខាន់ៗរបស់ប្រទេសចិនចូលសហរដ្ឋអាម៉េរិកហើយទីក្រុងប៉េកាំងដាក់កម្រិតលើការនាំចេញពីក្រុមហ៊ុនកំពូលៗរបស់សហរដ្ឋអាម៉េរិកដែលជាការឆ្លើយតបទៅកាន់អាម៉េរិកវិញ។ ជម្លោះចុងក្រោយបំផុតដោយប្រទេសចិនត្រូវបានអាម៉េរិកហាមឃាត់ការផលិតស្មាតហ្វូនចិន Huawei និង TikTok ដែលជាកម្មសិទ្ធិរបស់ ByteDance របស់ប្រទេសចិន ដែលអាម៉េរិកហាមឃាត់ក្នុងការលក់ និងផ្សព្វផ្សាយក្នុងទីផ្សារអាម៉េរិក៕