រុស្សី៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្សី លោក Dmitry Patrushev បានព្រមានកាលពីថ្ងៃពុធថា កសិកររុស្ស៊ីអាចនឹងខ្វះខាតប្រេងឥន្ធនៈសម្រាប់ការប្រមូលផល និងដាំដុះសម្រាប់រដូវរងានាពេលខាងមុខ លោកក៏បានស្នើឱ្យមានការរឹតបន្តឹងការនាំចេញប្រេងជាបណ្តោះអាសន្នតាមដែលអាចធ្វើទៅបាន។
បើតាមប្រមុខរដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះបានអះអាងថា រុស្សីកំពុងប្រឈមមុខជាមួយនឹងការកង្វះប្រេងក្នុងតំបន់មួយចំនួន។ លោកបានមានប្រសាសន៍ថា បើគ្មានឥន្ធនៈ កសិករនឹង «បញ្ឈប់ការច្រូតកាត់ ហើយមិនដាំដំណាំរដូវរងាឡើយហើយវានឹងក្លាយជាគ្រោះមហន្តរាយ»សម្រាប់ពលរដ្ឋរុស្សីជាច្រើនលាន់នាក់។
កាលពីសប្តាហ៍មុន លោក Patrushev បានរំលឹកសមាជិកសភាថា ក្រសួងបានកត់សម្គាល់ពីការកើនឡើងគួរឱ្យព្រួយបារម្ភនៃតម្លៃប្រេងឥន្ធនៈ និងប្រេងរំអិលដែលប្រើប្រាស់ក្នុងការធ្វើកសិកម្ម។ ចាប់តាំងពីពេលនោះមក បញ្ហានេះបានវិវត្តទៅជាតម្រូវការដើម្បីធានាបាននូវប្រេងឥន្ធនៈប្រហែល ៥០០,០០០តោនត្រឹមខែវិច្ឆិកាដើម្បីត្រៀមសម្រាប់ពលរដ្ឋដែលជាប្រជាកសិករ។
សម្រាប់លោក Patrushev "ឥឡូវនេះយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងថាមពល យើងនឹងទាក់ទងដោយផ្ទាល់ជាមួយរោងចក្រចម្រាញ់ប្រេង ហើយស្វែងរកបរិមាណចាំបាច់នៅក្នុងតំបន់នីមួយៗដើម្បីឱ្យកសិករអាចទទួលបាន"។
តម្លៃប្រេងបានកើនឡើងលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែលកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបានយល់ព្រមបន្តកាត់បន្ថយការផលិត។ ទីក្រុងមូស្គូបានបន្តនាំចេញប្រេងក្នុងល្បឿនយ៉ាងលឿន ដោយមិនគិតពីការរំខានរបស់មេដឹកនាំក្រុម G7។ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ការផ្លាស់ប្តូរទំនិញនៅសាំងពេទឺប៊ឺគបានចុះបញ្ជីប្រេងសាំងនៅតម្លៃ ៧៥,៤៥៧ រូប្លិ (៧៦៦.៨៤ ដុល្លារ) ក្នុងមួយតោន ខណៈតម្លៃសាំងធម្មតានៅសល់ត្រឹម ($៦៧១.០៥) និងប្រេងម៉ាស៊ូតតម្លៃ (៧១៥.២១ ដុល្លារ)៕