
ភ្នំពេញ៖កាលពីវេលាម៉ោង២២:០០នាទី យប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធបានកើតឡើងនៅក្នុងកន្លែងលេងល្បែស៊ីសងមួយនៅអាគារលេខ ៥០១/២៣៧ផ្រាក់រ៉ាម៣សយ៦៦ សង្កាត់ឆង់នុនស៊ី ខណ្ឌយ៉ានណាវ៉ា ទីក្រុងបាងកក ។ ក្នុងហេតុការណ៍នោះ បណ្តាលឱ្យមានអ្នករងរបួសចំនួន ២ នាក់ និងស្លាប់ចំនួន ៤នាក់ ដែលនៅក្នុងចំណោមអ្នកស្លាប់មានពលរដ្ឋខ្មែរម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នេះបើយោងតាមការអះអាងរបស់ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។
បើតាមឯកឧត្តម កុយ គួង រហូតមកដល់នេះ ស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ជាពិសេសជាមួយប៉ូលីសថៃ ហើយមន្រ្តីស្ថានទូតបានធ្វើដំណើរទៅកាន់កន្លែងតម្កល់សព ចូលរួមសង្កេតការក្នុងការធ្វើកោសល្យវិច័យរកមូលហេតុនៅពីក្រោយការបាញ់សម្លាប់។ស្ថានទូតក៏បានធ្វើទំនាក់ទំនងជាមួយសាច់ញាតិនៅខ្មែររួចហើយ និងសាច់ញិតបានស្នើស្ថានទូតជួយសម្របសម្រួល និងចេញឯកសារនាំសពទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសកម្ពុជា។

