កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងខែនេះដែលជាដំណើរទស្សនកិច្ចនឹងពិភាក្សាគ្នាអំពីការជួញដូរអាវុធ និងការងារសម្ងាត់ផ្ទៃក្នុងរវាងរុស្សី និងកូរ៉េខាងជើងមួយចំនួនទៀត។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត New York Times និង Associated Press បានចេញផ្សាយ។
មេដឹកនាំកូរ៉េខាងជើងដ៏មានឥទ្ធិពលក្នុងឧបទ្វីបកូរ៉េរូបនេះ មានបំណងធ្វើដំណើរទៅកាន់ទីក្រុង Vladivostok ក្នុងតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ី ដែលគេសន្និដ្ឋានថាលោក គីម និងធ្វើដំណើរដោយរថយន្តទំនើបមួយ តំបន់ឆ្នេរប៉ាស៊ីហ្វិករជាកន្លែងដែលមេដឹកនាំទាំងពីរនឹងចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាប្រចាំឆ្នាំ (EEF) ដែលគ្រោងធ្វើនៅថ្ងៃទី ១០-១៣ ខែកញ្ញា ហើយលោក គីម ក៏គ្រោងនឹងទៅទស្សនាមូលដ្ឋានទ័ពជើងទឹករុស្ស៊ីផងដែរ។ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង មិនបានធ្វើអត្ថាធិប្បាយលើជំនួបរវាងមេដឹកនាំទាំងពីរនៅឡើយនោះទេ។ គីមធ្លាប់បានចាកចេញពីប្រទេសកូរ៉េខាងជើង បានជួបលោកពូទីន ចុងក្រោយនៅទីក្រុង Vladivostok ក្នុងឆ្នាំ ២០១៩។
មុនដំណើរទស្សនកិច្ចរបស់គីម ជុងអ៊ុនមករុស្សី រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែកក្កដា ជាកន្លែងដែលលោក និងលោក Kim បានចូលរួមពិធីព្យុហយាត្រាយោធា ដែលប្រារព្ធខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ។ លោក Shoigu បានប្រាប់លោកគីមថា ទីក្រុងមូស្គូបើកចំហចំពោះការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងជើង និងរុស្សី។
មុនដំណើរទស្សនកិច្ចទៅកាន់រុស្សីនាពេលខាងមុខ កូរ៉េខាងជើងក៏ធ្លាប់បានព្រមានលោកខាងលិចថា ការបញ្ជូនយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាម៉េរិក ទៅកាន់អ៊ុយក្រែន អាចបង្កឱ្យមាន "សង្គ្រាមនុយក្លេអ៊ែរ" ។ ក្រុងព្យុងយ៉ាងក៏បានចោទអាម៉េរិកថាជាមេដឹកនាំនៃជម្លោះសង្រ្គាមរុស្សី និងអ៊ុយក្រែនថែមទៀតផង៕