
ភ្នំពេញ៖ ក្រសួងវប្បធម៌ នៅថ្ងៃទី០៤ កញ្ញា បានព្រមានចាត់វិធានការតាមច្បាប់ទៅលើអាជីវករ ឬអ្នកលក់អនឡាញណាដែលប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរផ្សព្វផ្សាយលក់តាមប្រព័ន្ធបណ្ដាញសង្គមដែលអាចធ្វើឱ្យសមត្ថកិច្ចបរទេសនិងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថារដ្ឋាភិបាលកម្ពុជាខ្វះការគ្រប់គ្រង និងការពារវត្ថុទាំងនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ បានលើកឡើងស្តីពីការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយលក់វត្ថុសិល្បៈតាមប្រព័ន្ធបណ្ដាញសង្គម។ ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ ជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។
ក្រសួងវប្បធម៌ ចាត់ទុកទង្វើនេះអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថាវត្ថុបុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញត្រូវបានចរាចរលក់ដូរក្នុងទីផ្សារដោយខ្វះការគ្រប់គ្រងការពារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសបាននាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ នៃការទាមទារវត្ថុបុរាណខ្មែរមកវិញ និងបាត់បង់ទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា៕
