681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរជាតិអប្សរាស្នើឱ្យភ្ញៀវទេសចរនិងអ្នកដឹកភ្ញៀវចូលចតយានជំនិះនៅតាមចំណត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៥ កញ្ញា នេះ បានអំពាវនាវភ្ញៀវទេសចរជាតិ និងអ្នកប្រកបរបរដឹកភ្ញៀវទេសចរ សូមចូលរួមតាមអ្វីដែលក្រុមការងារឬភ្នាក់ងារប្រចាំការតាមប្រាសាទបានណែនាំឬកំណត់ ឱ្យចូលចតយានជំនះនៅតាមចំណត ចៀងវាងការចតតាមដងផ្លូវ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ជារៀងរាល់ថ្ងៃ ក្រុមការងារសណ្តាប់ធ្នាប់ តែងតែរៀបចំការចតយានយន្ត រ៉ឺម៉ក ម៉ូតូ ឱ្យចូលចតនៅក្នុងចំណត និងរៀបចំការលក់ដូរនៅក្បែរៗនោះជាដើម។ ក្រុមការងារនៅតែប្រឈមបញ្ហាខ្លះៗ ដោយសារអ្នកបើកបរដឹកភ្ញៀវទេសចរមួយចំនួន មិនសូវចូលរួមសហការ ក្រោយពេលដាក់ភ្ញៀវឱ្យចូលទស្សនាប្រាសាទ មិនបានយកយានជំនិះចូលមកចត នៅក្នុងចំណតដែលបានរៀបចំឡើយ។

ចំណែកខ្លះទៀត ពេលឃើញភ្ញៀវចេញពីទស្សនាប្រាសាទ មិនបានឱ្យភ្ញៀវដើរមកកាន់ចំណត ដើម្បីបន្តដំណើរទៅមុខ តែបែជាបើកយានជំនិះ ទៅទទួលភ្ញៀវដល់បរិវេណខាងមុខប្រាសាទ។ ដែលនេះជាហេតុ ធ្វើឱ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ អាចបង្ករគ្រោះថ្នាក់ដោយយថាហេតុ និងកកស្ទះ ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវដទៃ ដែលធ្វើចរាចរណ៍លើដងផ្លូវ។ បើទោះបីជាកន្លងមក ធ្លាប់មានការណែនាំជាច្រើនលើក ច្រើនសារក៏ដោយ បញ្ហានេះនៅតែកើតឡើងស្ទើរតែជារៀងរាល់ថ្ងៃ។

គ្រប់ទីតាំងប្រាសាទនីមួយៗក្នុងរមណីយដ្ឋានអង្គរ តែងតែមានចំណតសម្រាប់ភ្ញៀវទេសចរ ឬអ្នកដឹកភ្ញៀវចូលចតនៅទីនោះ ដោយមិនតម្រូវឱ្យបង់ថវិកាឡើយ។ ជាក់ស្តែងបរិវេណក្រុងអង្គរធំ មានទីតាំងចំណតចំនួន៣កន្លែង រួមមាន នៅខាងកើតប្រាសាទបាយ័ន និងខាងលិចនៃប្រាសាទ និងចំណតមួយទៀតនៅក្បែរប្រាសាទព្រះវិធូរ ជាចំណតធំទូលាយ អាចដាក់យានយន្តបានច្រើនជាងគេ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណៈជនទូទៅ សូមចូលរួមតាមអ្វីដែលក្រុមការងារឬភ្នាក់ងារប្រចាំការតាមប្រាសាទបានណែនាំឬកំណត់ ឱ្យចូលចតយានជំនិះនៅតាមចំណត ចៀងវាងការចតតាមដងផ្លូវ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕


Khcct banner

អត្ថបទទាក់ទង