Img 1426
Swift cc time

អ្នកជួសជុលប្រាសាទបង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រុមការងារជួសជុលមួយក្រុមនៅការដ្ឋានជ្រុងនិរតីនៃប្រាសាទបាយ័ន កំពុងមានសកម្មភាពមមាញឹករៀបចំថ្មដែលបានរើចេញដោយសារក្រៀកហែក និងរៀបចំទៅតាមកន្លែងដើមវិញម្តងមួយដុំៗយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុត។ ពេលខ្លះក្រុមការងារនេះ ត្រូវរៀបផ្កុំថ្មជាច្រើនសារដើម្បីឱ្យត្រូវតាមលំនាំដើម និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុលប្រាសាទបុរាណ ដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើមរបស់ប្រាសាទ។

លោក ឆម ប្រុញ ជាអ្នកស្រុកប្រាសាទបាគង និងជាអ្នកជួសជុលប្រាសាទ មានប្រសាសន៍ថា ការងារជួសជុលនៅជ្រុងនិរតីនៃប្រាសាទបាយ័ន មានទីធ្លាតូចចង្អៀត ដែលគ្រប់ពេលត្រូវតែប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ណាមួយ ដល់ក្រុមការងារ និងប៉ះពាល់ដល់ថ្ម។ លោកមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការងាររើថ្មដែលក្រៀកហែក និងបុកបង្ហាប់គ្រឹះ រួចហើយត្រូវរៀបថ្មឡើងវិញនោះ។ ក្នុងកិច្ចការងារនេះ លោកក៏ធ្វើការងាររៀបថ្មផង ហើយពេលណាខ្វះកម្លាំងលោកក៏ជួយអូសថ្មដែរ។

លោក ឆម ប្រុញ មិនធ្លាប់សង្ឃឹមថា រូបលោកអាចក្លាយទៅជាអ្នកធ្វើការងារជួសជុលប្រាសាទបានឡើយ។ ប៉ុន្តែនៅពេលរៀបថ្មធ្វើការផ្ទាល់ជាមួយប្រាសាទ បានធ្វើឱ្យរូបលោកមានជំនាញនិងចំណេះដឹងច្រើនបន្តពីស្នាដៃដូនតាព្រោះ ថ្មប្រាសាទបុរាណមានល្បាក់ មានក្បាច់និងមានគំរូដើមរួចហើយ ដោយគ្រាន់តែយកក្បួនលំអានបុរាណធ្វើជាគ្រូប៉ុណ្ណោះ។

លោក ភី ផាន ជាអ្នកស្រុកនគរធំ ជាអ្នកជួសជុលប្រាសាទបុរាណម្នាក់ទៀតនៅក្នុងរមណីយដ្ឋានអង្គរជាង២០ឆ្នាំហើយ មានប្រសាសន៍ថា អ្វីដែលលំបាកសម្រាប់ក្រុមការងារជួសជុលថ្មភក់ គឺការរៀបចំផ្គុំថ្មមិនត្រូវតាមលំនាំដើម ដែលទាមទារពេលវេលា ការអត់ធ្មត់ និងការសាមគ្គីជាចាំបាច់។ ពេលខ្លះលោកអន់ចិត្តនិងខ្លួនឯងដែលរៀបមិនថ្មមិនត្រូវ។

បើទោះបីជាការងារជួសជុលប្រាសាទបុរាណ មានការលំបាកយ៉ាងណា ក៏កម្មករជំនាញ ដែលកំពុងរួមគ្នាធ្វើការងារជួសជុលប្រាសាទជាច្រើនមិនបានបង្ហាញអារម្មណ៍នឿយណាយទេ។ ពួកគេតែងយកមនសិការ បង្ហាញអារម្មណ៍រីករាយ ដែលបានចូលរួមអភិរក្ស ជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ ពីព្រោះថារបស់ទាំងនោះមិនមែនជារបស់ក្រុមអ្នកជួសជុលតែម្នាក់ឯងនោះទេ ប៉ុន្តែជារបស់អ្នកគ្រប់គ្នាដែលអាចចូលអភិរក្សបានតាមរូបភាពផ្សេងៗ៕


Khcct banner

អត្ថបទទាក់ទង