Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កញ្ញា ពុត ជាសុម៉ាឡាយ ធ្វើអាជីវកម្មសង្គម«អំបោះ» ដើម្បីផ្ដល់ការងារដល់ស្ដ្រីក្នុងសហគមន៍

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ អំបោះ ជាអាជីវកម្មសង្គមួយ ដែលបានបង្កើតឡើង យុវតីខ្មែរ កញ្ញា ពុត ជាសុម៉ាឡាយ ដើម្បីដើម្បីជួយផ្សព្វផ្សាយ និងលក់ផលិតផលដែលចាក់ដោយដៃ របស់ស្ដ្រីនៅក្នុងសហគមន៍។ អំបោះ មានផលិតផលដូចជា តុក្តតា បាច់ផ្តា កូនផ្កាលំអផ្ទះ និងកាបូប ដែលសុទ្ធតែផលិតផល ដែលចាក់ដោយដៃរបស់ស្ដ្រី នៅក្នុងសហគមន៍។ តាមរយៈអាជីវកម្មមួយនេះ បានជួយបង្កើតការងារ ដល់ស្ដ្រីនៅក្នុងខេត្តបាត់ដំបង ជាច្រើន។ ស្ត្រីជាង១៥០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីអាជីវកម្មសង្គម «អំបោះ»។

ស្ថាបនិក អំបោះ កញ្ញា ពុត ជាសុម៉ាឡាយ បានប្រាប់ស៊ីស៊ីថាមស៍ថា អំបោះបានបើកដំណើរការនៅដើមឆ្នាំ២០២៣។ អំបោះ ជាអាជីវកម្មថ្មីមួយ ដែលបង្កើតឡើងដើម្បីជួយផ្សព្វផ្សាយ និងលក់ផលិតផលដែលចាក់ដោយដៃ របស់ស្ដ្រីនៅក្នុងសហគមន៍។ រាល់ផលិតផលដែលលក់ដោយអំបោះ ត្រូវបានធ្វើការត្រួតពិនិត្យមុនលក់នៅលើទីផ្សារ ហើយអតិថិជនដែលទិញផលិតផលពីអំបោះ នឹងមានការពិភាក្សាជាមួយអតិថិជន ផងដែរ។ ជាពិសេសអំបោះជាអាជីវកម្មសង្គម ដែលជះឥទ្ធិពលយ៉ាងវិជ្ជមានទៅដល់សង្គម និងបរិស្ថាន ព្រោះអំបោះមិនប្រប្រាស់ប្លាស្ទិក នោះទេ។

រូបភាព៖ អំបោះ-Ambos

យុវតីមកពីខេត្តបាត់ដំបងរូបនេះបានបន្ដថា គោលបំណងធំរបស់ «អំបោះ» គឺមានគោលបំណង បង្កើនប្រាក់ចំណូល និងបង្កើតការងារទៅដល់ស្ដ្រីនៅក្នុងសហគមន៍។ ស្ដ្រីដែល «អំបោះ» កំពុងតែនឹងជួយមានចំនួន ១៥៦នាក់។ នៅក្នុងនោះស្ដ្រីមកពីខេត្តបាត់ដំបងចំនួន១៥៥នាក់ និងស្ដ្រីមកខេត្តឧត្តរមានជ័យ ១នាក់ ហើយសព្វថ្ងៃនេះ អំបោះ ជួយពួកគេទៅតាមលទ្ធភាព ដែលអាចជួយបានសិន។

យុវតីវ័យ២១ឆ្នាំរូបនេះ បានបន្ដថា កញ្ញាបានជួបជាមួយបងស្រីម្នាក់ និងស្ដ្រីមួយក្រុម ដែលពួកគេចេះចាក់របស់ប្រើប្រាស់ និងវត្ថុលំអ ដែលចាក់ដោយដៃ។ ពួកគេធ្វើវាបានល្អ ប៉ុន្ដែពួកគេមិនទទួលបានការគាំទ្រ ជាពិសេសពួកគេមិនដឹងពីរបៀបការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ធ្វើយ៉ាងណាឱ្យផលិតរបស់ពួកគេទៅដល់អតិថិជនគោលដៅ។ ដូច្នេះកញ្ញាក៏ចាប់ផ្ដើមមានគំនិតក្នុងការរកទីផ្សារឱ្យពួកគេ និងបានយកគំនិតនេះ ទៅចូលរួមប្រកួតនៅក្នុងកម្មវិធី Enterprise Battambang ហើយក៏ទទួលបានជ័យលាភីក្នុងការប្រកួត និងយកថវិកាដែលបានមកពីការប្រកួត មកដំណើរការ «អំបោះ» រហូតមកដល់សព្វថ្ងៃនេះ។

រូបភាព៖ អំបោះ-Ambos

កញ្ញា ពុត ជាសុម៉ាឡាយ បានឱ្យដឹងថា នៅពេលដែលកញ្ញា បានធ្វើការជាមួយស្ដ្រីនៅក្នុងសង្គម កញ្ញាបានឃើញផលវិបាករបស់ពួកគេជាច្រើន ហើយពាក្យមួយម៉ាត់ដែលពួកគេនិយាយមកកាន់កញ្ញាគឺ ពួកគេពិតជាត្រូវការកញ្ញា ពាក្យមួយម៉ាត់នេះ បានធ្វើឱ្យកញ្ញាអាចដើរមកដល់សព្វថ្ងៃនេះ បើទោះជាអាជីវកម្មសង្គមមួយនេះ កញ្ញាត្រូវធ្វើតែម្នាក់ឯងក្ដី។

កញ្ញា ពុត ជាសុម៉ាឡាយ បានឱ្យដឹងទៀតថា ការធ្វើធុរកិច្ចនេះ បានធ្វើឱ្យកញ្ញាគ្មានពេលវេលាគ្រប់គ្រាន់នៅជាមួយក្រុមគ្រួសារ និងពិបាកក្នុងការបែងចែកពេលវេលារវាងការងារ និងការសិក្សា។ ជាពិសេសមានពាក្យសមន្ដីមិនសមរម្យមួយចំនួនថាឱ្យកញ្ញា ដូចជា ហេតុអ្វីរៀនជំនាញព័ត៌មានវិទ្យា តែបែរជាមកលក់ផ្កា និងថាឱ្យកញ្ញាទៀតថា រៀនព័ត៌មានវិទ្យាមិនចេះ ទើបមកលក់ផ្កា ជាដើម។ សម្រាប់កញ្ញា ដោយសារតែកញ្ញាចង់ជួយទៅដល់ស្ដ្រីនៅក្នុងសហគមន៍ និងមិនចង់មើលរំលងនូវចំណុចតូចៗ ពិសេសការបង្កើនប្រាក់ចំណូល និងបង្កើតការងារដល់ស្ដ្រី ក៏ជាចំណែកមួយដែលជួយទៅដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិដែរ។

សូមបញ្ជាក់ថា កញ្ញា ពុត ជាសុម៉ាឡាយ ជាស្ថាបនិកអាជីវកម្មសង្គម«អំបោះ» និង ជានិស្សិតឆ្នាំទី៤ ជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ បើទោះជាកញ្ញា កំពុងតែធ្វើអាជិវកម្មសង្គម ដែលមិនត្រូវជាមួយជំនាញនៅសាកលវិទ្យាល័យ ប៉ុន្ដែកញ្ញាក៏កំពុងតែធ្វើការងារជា Freelancer ដែលពាក់ព័ន្ធជាមួយជំនាញដែលកំពុងតែសិក្សាផងដែរ។ សម្រាប់អាជីវកម្ម ដែលកញ្ញា ពុត ជាសុម៉ាឡាយ កំពុងធ្វើ កញ្ញាធ្វើតែម្នាក់ឯងប៉ុណ្ណោះ ខណៈកាលចាប់ផ្ដើមដំបូងបានធ្វើជាក្រុម ប៉ុន្ដែក្រោយមកសមាជិកក្រុម មានការរវល់ជាមួយការងាររបស់ពួកគេរៀងខ្លួន ទើបសុំដកខ្លួន៕

រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos
រូបភាព៖ អំបោះ-Ambos


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង