ភ្នំពេញ៖ អង្គការបង្រៀនដើម្បីកម្ពុជា និង Global Shapers Phnom Penh នឹងធ្វើការរៀបចំកម្មវិធី «ការប្រកួតប្រជែងសហគ្រិនវ័យក្មេង» នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣ ដែលមានសិស្សប្រមាណ 4,000 នាក់ត្រូវបានផ្តល់ឱកាសក្នុងការប្រកួតតាំងពីវគ្គជម្រុះតាមសាលាដែលជាសាលាដៃគូជាមួយនឹងអង្គការបង្រៀនកម្ពុជា ក្នុងលក្ខខណ្ឌបង្កើតគំនិតអាជីវកម្មដែលប្រើដើមទុនត្រឹមតែ ២០០០០ រៀល ដើម្បីមកប្រកួតវគ្គចុងក្រោយ។
បើតាមការផ្សព្វផ្សាយតាមគេហទំព័រហ្វេសប៊ុករបស់ Global Shapers Phnom Penh បានឱ្យដឹងថា អង្គការបង្រៀនដើម្បីកម្ពុជា និង Global Shapers Phnom Penh ធ្លាប់បានសហការរៀបចំកម្មវិធី កម្មវិធី «រៀល Hackathon”» ផ្តោតលើកុមារដែលមានអាយុចន្លោះពី 12-17 ឆ្នាំ ដើម្បីចាប់ផ្តើមគំនិតអាជីវកម្មរបស់ពួកគេដោយផ្អែកលើការវិនិយោគ 20000 រៀល ម្តងរួចមកហើយកាលពីឆ្នាំ២០២២ ដែលមានសិស្សប្រមាណ ១២00 នាក់ មក ពី សាលា រដ្ឋ ចំនួន 5។
កម្មវិធី «រៀល Hackathon”» ដែលធ្លាប់បានប្រព្រឹត្តទៅយ៉ាងជោគជ័យកាលពីឆ្នាំ២០២២ ម្តងមកហើយនេះ នឹងលេចរូបរាងសារជាថ្មីដែលមានលក្ខណៈធំជាងមុន ដោយមានការជម្រុះសិស្សពីតាមសាលារហូតប្រមាណ ៤០០០ នាក់ ដែលជ្រើសរើសក្រុមដែលបានជ័យលាភីពីសាលានីមួយៗដែលជាសាលាដៃគូរបស់អង្គការមកប្រកួតនៅវគ្គចុងក្រោយនេះនៅថ្ងៃទី១៧ កញ្ញា ២០២៣។
ទម្រាំតែបានចូលរួមការប្រកួតនៅពាក់កណ្តាលខែ កញ្ញា នេះ សិស្សនឹងត្រូវបានបង្វឹកដោយគ្រូបង្វឹករបស់ពួកគេក្នុងរយៈពេលពីរសប្តាហ៍ដែលសិស្សនឹងត្រូវធ្វើការសាកល្បងនូវគំនិតដែលពួកគេមានស្រាប់ដែលត្រូវប្រើដើមទុន២០០០០ រៀលនេះ បន្ទាប់មកត្រៀមលក្ខណៈឡើងប្រកួតពីគំនិតអាជីវកម្មរបស់ពួកគេនៅក្នុងកម្មវិធី។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសិស្សានុសិស្សឱ្យទទួលបាននូវការយល់ដឹង និងចំណេះដឹងអំពីសារៈសំខាន់នៃឯករាជ្យភាពផ្នែកហិរញ្ញវត្ថុនិងការកសាងជំនាញជាមូលដ្ឋានសម្រាប់សិស្សានុសិស្សក្នុងការដោះស្រាយបញ្ហាជាក់ស្តែង៕