
កំពត៖ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពត នៅថ្ងៃទី២៩សីហា បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយសាខាគយនិងរដ្ឋាករខេត្តកំពត ចុះត្រួតពិនិត្យទំនិញ សាច់បង្កក ដែលឃាត់ចាប់បានកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដែលមានសរុបចំនួន ៩កញ្ចប់ ស្មើនឹង ៣២៣គីឡូក្រាម។ ទំនិញទាំងនេះត្រូវបានឈ្មួញទុច្ចរិតលួចនាំចូលពីប្រទេសវៀតណាមតាមទូកនៃច្រករបៀងព្រែកចាក ខេត្តកំពត។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបញ្ជាក់ថាទំនិញសាច់បង្កកទាំងនោះគឺខូចគុណភាព និងបានសម្រេចមតិជាឯកច្ឆន្ទជាមួយមន្ត្រីនៃសាខា គយនិងរដ្ឋាករ ដុតកម្ទេចចោលនូវទំនិញទាំងនោះ នៅទីតាំងដីតារាយន្តហោះចាស់ ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដើម្បីការពារកុំឱ្យមានការចរាចរទំនិញខូចគុណភាពទាំងនោះទៅក្នុងទីផ្សារ។ គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញបាននិងកំពុងបន្តនីតិវិធីចំពោះឈ្មួញទុច្ចរិតនោះផងដែរ ស្របតាមច្បាប់ជាធរមាន។
