
ភ្នំពេញ៖ សារមន្ទីរជាតិ នាថ្ងៃទី៣០ សីហា បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងអាម៉េរិកលើកទី៥ ដើម្បីបន្តអនុស្សរណៈនៃការយោគយល់គ្នា «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» រយៈពេលប្រាំឆ្នាំបន្តទៀត (២០២៣-២០២៨)។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ អាម៉េរិកនឹងដាក់កម្រិតហាមប្រាមនូវការនាំចូលវត្ថុបុរាណ និងវត្ថុជាតិពន្ទុវិទ្យានៃប្រទេសកម្ពុជា និងបន្តនាំត្រឡប់មកវិញនូវត្ថុបុរាណ និងវត្ថុជាតិពិន្ទុវិទ្យាទាំងនោះសម្រាប់គោលបំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ដ្រ ដែលជាការផ្សព្វផ្សាយដល់សាធារណជនឲ្យយល់ដឹងកាន់តែច្បាស់ រួមទាំងជួយលើកតម្លៃបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា លើកដំបូង ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០០៣ ហើយបានបន្តនារៀងរាល់ ៥ឆ្នាំម្តង។
គួរបញ្ជាក់ថា កម្ពុជាជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមានអនុស្សរណៈយោគយល់គ្នានេះជាមួយសហរដ្ឋអាម៉េរិក។ ហើយនារយៈពេលកន្លងមកនេះ វត្ថុបុរាណជាង១០០ ពីសហរដ្ឋអាម៉េរិក បានបញ្ជូនត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ៕
.jpg?1693471621)
