សាកលវិទ្យាល័យខេមតិច សហការជាមួយសហគ្រិនខ្មែរ និងគណៈកម្មាធិកាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការ សហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក (UN-ESCAP) បានប្រារព្ធនូវកម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា (Innovative Tech Challenge) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅបរិវេណសាកលវិទ្យាល័យខេមតិច។
កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍នេះគឺជាកម្មវិធីមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់ខេមតិចក្នុងការជំរុញការស្រាវជ្រាវនវានុវត្តន៍ និងការបណ្តុះគំនិតសហគ្រិនភាពក្នុងចំណោមនិស្សិត សាកលវិទ្យាល័យដើម្បី ចូលរួមចំណែកលើកស្ទួយធុរកិច្ចថ្មីការវិនិយោគក្នុងស្រុក និង ការអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យម ជាពិសេស ក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មទាក់ទងនឹងវិស័យតិចណូឡូជី។ ជារួមគោលបំណងចំបងនៃកម្មវិធីនេះមាន៖
១) ភ្ញាស់គំនិតធុរកិច្ចថ្មី ព្រមទាំងផ្តល់ជាថវិកាសម្រាប់គាំទ្រដល់ការបង្កើតអាជីវកម្ម
២) ផ្តល់វគ្គបណ្តុះបណ្តាលការបង្កើតធុរកិច្ចថ្មីដល់និសិ្សតនៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេស
៣) ចូលរួមជាមួយសហគ្រិនខ្មែរ និងរាជរដ្ឋាភិបាល ក្នុងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី នៅកម្ពុជា
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ មានប្រសាសន៍ថាកម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា មានគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ, កសាងសមត្ថភាពសហគ្រិនភាពក្នុង ចំណោមនិស្សិតកម្រិតសាកលវិទ្យាល័យដែលអនាគត ក្លាយជាស្ថាបនិកវ័យក្មេងដែលមានគំនិតច្នៃប្រឌិត, និងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការចូលរួមជួយដោះស្រាយបញ្ហាសង្គម។ សហគ្រិនខ្មែរ នឹងបន្តគាំទ្រ និងពង្រីកវិសាលភាពនៃកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ និងសហគ្រិនភាពដល់សិស្សានុសិស្សសាកលវិទ្យាល័យ ព្រមទាំងបន្តសហការជាមួយគ្រឹះស្ថានអប់រំ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា។
លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច បានថ្លែងថាសាកលវិទ្យាល័យខេមតិចបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និង សាកលវិទ្យាល័យ ទាំងក្នុងស្រុក និងនៅបរទេស ដើម្បីជំរុញអោយមានការបង្កើតគំនិតថ្មី និង នវានុវត្តន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់សង្គម និង ឧស្សាហកម្ម ក្នុងគោលបំណងជំរុញអោយមានការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅកម្ពុជា។ កម្មវិធីនៅក្នុងថ្ងៃនេះគឺជាសក្ខីភាពមួយទៀតដែលបញ្ជាក់ថា ខេមតិចបានត្រៀមខ្លួនគ្រប់ពេលវេលាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយអាទិភាព ក៏ដូចជាចក្ខុវិស័យរបស់រដ្ឋលើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដែលបង្កើតអោយមានបរិយាកាសអំណោយផលដល់យុទ្ធសាស្រ្តសេដ្ឋកិច្ច និងសង្គមឌីជីថល។
អបអរសាទរដល់ក្រុម Tam Dan ដែលទទួលបានជ័យលាភីទី១ ទទួលបានថវិកាចំនួន
៣៥០០ដុល្លារសហរដ្ឋអាមេរិក។ Tam Danគឺជាកម្មវិធីទួរសព្ទដៃដែលបានដាក់បញ្ចូល បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តអាចអនុញ្ញាតអោយមាតាបិតា និងអាណាព្យាបាលតាមដានពីសកម្មភាពនៃការសិក្សា និងលទ្ធផលរបស់សិស្សានុសិស្ស។
ក្រុម VOLTSដែលទទួលបានជ័យលាភីទី២និងទទួលបានថរិកាចំនួន២៥០០ដុល្លារសហរដ្ឋអាមេរិក។ VOLS គឺជាការបង្កើតឧបករណ៍ថ្មីមួយ អាចអោយម្ចាស់រោងចក្រ សហគ្រាសតាមដានសត្ថិនៃការប្រើប្រាស់អគ្គីសនី។
ក្រុម Uniflow ទទួលបានជ័យលាភីទី៣និងទទួលបានថវិកាចំនួន២០០០ដុល្លារសហរដ្ឋអាមេរិក។ Uniflow គឺជាកម្មវិធីគ្រប់គ្រង និងវិភាគកម្រិតខ្ពស់ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង Machine Learning ដែលអាចជួយអោយការងារគ្រប់គ្រងរបស់អ្នកគ្រប់គ្រងហាង រឺម្ចាស់ហាង ដំណើរការបានល្អ ចំពោះការខិតខំប្រឹងប្រែងក្នុងការបង្កើតគំនិតធុរកិច្ចថ្មីនេះ ដែលទទួលបានថវិកាគាំទ្រផ្ទាល់ពីសហគ្រិនខ្មែរ។
អំពីសហគ្រិនខ្មែរ
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល។ សហគ្រិនខ្មែរ មានទិសដៅកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានពីប្រភពស្
របច្បាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើក ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដល់សហគ្រិន អ្នកបង្កើតការច្នៃប្រឌិតថ្មី ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងស្ថាប័នដៃគូដែលចូលរួមក្នុងការលើកកម្ពស់សកម្មភាពសហគ្រិនភាព ដើម្បីជំរុញការបង្កើតថ្មី និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។
អំពីសាកលវិទ្យាល័យ(ខេមតិច)
សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) គឺសាកលវិទ្យាល័យសហគ្រិន ដែលបណ្តុះបណ្តាលនិស្សិតលើមុខជំនាញដែលគាំទ្រ ដល់ការអភិវឌ្ឍឧស្សាហកម្ម៤.០ និង បរិវត្តកម្មឌីជីថល។ ខេមតិចក៏ជាគ្រឹះស្ថានឧត្តមសិក្សាដែលផ្តោត សំខាន់លើការស្រាវជ្រាវ ការបង្កើតថ្មី និងការអភិវឌ្ឍន៍តិចណូឡូជី ដើម្បីជំរុញអោយមាននវានុវត្តន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់ ឧស្សាហកម្ម និង ការផ្ទេរបច្ចេកវិទ្យាពីសាកលវិទ្យាល័យទៅកាន់វិស័យឯកជន តាមរយៈកិច្ច សហប្រតិបត្តិការ និងម៉ូដែលនៃភាពជាដៃគូយ៉ាងជិតស្និតរវាងរាជរដ្ឋាភិបាល ឧស្សាហកម្ម និងស្ថាប័ន ស្រាវជ្រាវ។
គណៈកម្មាធិកាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក (UN-ESCAP)គឺជាគណៈកម្មការមួយក្នុងចំនោមគណៈកម្មការថ្នាក់តំបន់ទាំងប្រាំដែលស្ថិតនៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ដែលបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចនៅអាស៊ី និងចុងបូព៌ា ក៏ដូចជាជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់ និងតំបន់ផ្សេងទៀតនៃពិភពលោក។
បន្ថែមពីនេះទៅទៀត គណៈកម្មាការនេះធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួនដែលកំពុងប្រឈមនៅក្នុង
តំបន់ តាមរយៈគម្រោង ជំនួយផ្នែកបច្ចេកទេស និងការកសាងសមត្ថភាពដល់រដ្ឋជាសមាជិកមានដូចជា៖ គោលនយោបាយ និងការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ ការដឹកជញ្ជូន ការអភិវឌ្ឍន៍សង្គម បរិស្ថាននិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ស្ថិតិ សកម្មភាពអនុតំបន់សម្រាប់ការអភិវឌ្ឍន៍ ព្រមទាំងថាមពលផងដែរ។