ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ២៩ សីហា បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំការប្រគំតន្ត្រី អូខេស្ត្រា ដើម្បីអបអរខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ រាជធានីភ្នំពេញ ។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន នឹងរៀបចំនូវការប្រគំតន្ត្រីអូខេស្ត្រា ជាច្រើនដង ដោយក្រុម World Ship Orchestra (WSO) ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីប្រគំតន្ត្រីនេះមិនមែនជាលើកទីមួយ ដែលក្រុម WSO បានប្រារព្ធនៅកម្ពុជាទេ។ ក្រុម WSO ជាគម្រោងរបស់ NPO World ship ជាអង្គការមិនរកប្រាក់ចំណូលដែលបង្កើតឡើងនៅទីក្រុងតូក្យូ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤។ ហើយគម្រោងនេះមានគោលបំណងផ្ដល់ឱ្យកុមារជុំវិញពិភពលោក ទទួលបាននូវបទពិសោធវង់តន្ត្រីធំថ្មីដែរ៕