681 ezgif.com resize
Moneygramott moi1280x163px

មជ្ឈមណ្ឌលភាសាចិន រៀបចំទិវាវប្បធម៌ចិន ដើម្បីផ្សព្វផ្សាយពីទេសចរណ៍នៅចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មជ្ឈមណ្ឌលភាសាចិន DHY ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៩ សីហា បានរៀបចំទិវាដកពិសោធន៍វប្បធម៌ចិន «ទៅកន្លែងទិសដៅទាក់ទាញចិត្ត» ដើម្បីផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌ចិន និងកម្ពុជា។ ជាពិសេស ការលើកកម្ពស់ការសិក្សាភាសាចិននៅកម្ពុជា។ ភាសាចិនមិនមែនគ្រាន់តែជាភាសាមួយប៉ុណ្ណោះទេ តែក៏ជាមធ្យោបាយសំខាន់មួយសម្រាប់យល់ដឹងពីអរិយធម៌ចិន ផងដែរ។

បើតាមប្រសាសន៍ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ការរៀបចំទិវាវប្បធម៌ចិន «ទៅកន្លែងទិសដៅទាក់ទាញចិត្ត» នៅក្នុងមជ្ឈមណ្ឌលភាសាចិន ដោយសារសាកលវិទ្យល័យតាលី នៅខេត្តយូណាន ប្រទេសចិន រួមគ្នាជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កើតនូវមជ្ឈមណ្ឌលភាសាចិន នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏នាំឱ្យមានទំនាក់ទំនងជាមួយនិង «កន្លែងទិសដៅទាក់ទាញចិត្ត» នៅទីក្រុងតាលី ផងដែរ។

នៅក្នុងពិធីនេះ មានពិព័រណ៍រូបថត ដែលបង្ហាញពីជីវភាពរស់នៅ នៅខេត្តយូណាន និងពិព័រណ៍រូបថត ចំនួន១០០សន្លឹកទៀត ដែលបង្ហាញពីភាពស្រស់ស្អាតអេកូឡូស៊ីធម្មជាតិ និងភាពរស់រវើក របស់ខេត្តយូណាន នៅក្នុងយុគសម័យថ្មី។ ជាពិសេស តាមរយៈរូបថតទាំងនោះ បានបង្ហាញអំពីលក្ខណៈអរិយធម៌ទំនើប អេកូឡូស៊ីបៃតង និងសុភមង្គល ដែលវាជាសព្វនាមពិព័ណ៌នាពីរូបភាពនៃខេត្តយូណាន ក៏ដូចជា វប្បធម៌ និងគុណសម្បត្តិនៃខេត្តយូណាន។

បើតាមប្រសាសន៍ប្រធានដេប៉ាតឺម៉ង់ភាសាចិន បានឱ្យដឹងថា ខេត្តយូណាន និងវិទ្យាស្ថានភាសាបរទេស មានទំនាក់ទំនងជាមួយគ្នា តាំងពីចាប់ផ្ដើមដំណើរការបង្រៀនភាសាចិន តាំងពីឆ្នាំ២០០៨ មកម្លេះ។ ដំណើររួមគ្នានេះ បានធ្វើឱ្យចំនួនសិស្សសិក្សាភាសាចិន កាន់តែកើនឡើង ខណៈពេលបច្ចុប្បន្ននេះ ដេប៉ាតឺម៉ង់ភាសាចិន ត្រូវត្រៀមបន្ទប់រៀនបន្ថែមទៀត ដើម្បីទទួលសិស្ស។ បច្ចុប្បន្នដេប៉ាតឺម៉ង់ភាសាចិន មានសិស្សជិត៧០០នាក់ កំពុងសិក្សា និងមាននិស្សិតប្រមាណជាង៦០០នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាចិន ក្នុងរយៈពេលជាង១០ឆ្នាំ មកនេះ។

គួរបញ្ជាក់ថា ការដាក់ឈ្មោះទិវាវប្បធម៌ចិន ថា «ទៅកន្លែងទិសដៅទាក់ទាញចិត្ត» ព្រោះមានរឿងភាគដ៏ល្បីមួយ បានថតនៅទីក្រុងតាលី ខេត្តយូណាន ក្រោយរឿងភាគនោះត្រូវបានផ្សព្វផ្សាយ ទស្សនិកជនទូទាំងពិភពលោក បានចាប់អារម្មណ៍ភាពទាក់ទាញរបស់ទីក្រុង ខេត្តយូណាន និងចង់ទៅទស្សនាទីនោះ រស់នៅតាមរបៀបដែលបានឃើញក្នុងរឿងភាគ៕


Khcct banner

អត្ថបទទាក់ទង