ភ្នំពេញ៖ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នារសៀលថ្ងៃទី២៨ សីហា បានរៀបចំសន្និសីទសារព័ត៌មាន អំពីការដោះលែងទណ្ឌិត សំប៊ុន យ៉ានី។ នៅក្នុងសន្និសិទនោះដែរ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានច្រានចោលទាំងស្រុងជុំវិញការចោទប្រកាន ពីបទបង្ខំរូបរាងកាយទៅលើទណ្ឌិត សំប៊ុន យ៉ានី ក្នុងការទាមទារសំណង ដែលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឡើងជាហេតុផលនៅក្នុងការដោះលែងទណ្ឌិត សំប៊ុន យ៉ានី។ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ចាត់ទុកថាការដោះលែងទណ្ឌិតរូបនេះឱ្យមានសេរីភាព ជារឿងអយុត្តិធម៌បំផុត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានឱ្យតុលាការអនុវត្ត បង្ខំរូបរាងការទាមទារសំណង។ ហើយការសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ឱ្យមានសេរីភាព ដោយសារទណ្ឌិតជាស្ដ្រីមានជំងឺប្រចាំកាយ និងមានវ័យចាស់ជរាអាយុ ៦៦ឆ្នាំ គិតត្រឹមថ្ងៃចាប់ខ្លួន ការបង្ខំដល់រូបរាងកាយ មិនអាចធ្វើទៅបានលើស្ដ្រីដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។
លោកស្រី អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិថ្មីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានថ្លែងនៅក្នុងសន្និសិទព័ត៌មាន ថា អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មិនបានសុំឱ្យតុលាការអនុវត្តការបង្ខំលើរូបរាងកាយ ដើម្បីទាមទារសំណង នោះទេ។ លោកស្រីបានគូសបញ្ជាក់ថា ទណ្ឌិត សំប៊ុន យ៉ានី មានសុខភាពល្អ ដើរហើរគ្រប់ទីកន្លែង ព្រមទាំងបើកអាជីវកម្មកន្លែងកំសាន្ដរបស់កុមារឈ្មោះ Peeka BOO ក្នុងបុរីពិភពថ្មីចំការដូង ផងដែរ។ ហើយការដោះលែងទណ្ឌិត សំប៊ុន យ៉ានី ជារឿងអយុត្តិធម៌បំផុត និងមិនបានឆ្លុះបញ្ជាំងពីខ្លឹមសារដើមនៃសាលដីការតុលាការកំពូលដែលបានចូលជាធរមាន។
លោកស្រី អ៊ុង ច័ន្ទថុល បានបន្ដថា ក្នុងករណីដែលអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មិនទទួលបានយុត្តិធម៌ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នឹងបន្ដប្ដឹងទៅក្រសួងយុត្តិធម៌។ ប្រសិនបើមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅតែមិនទទួលបានយុត្តិធម៌ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នឹងបន្ដប្ដឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីស្វែងរកយុត្តិធម៌។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា សង្ឃឹមជានិច្ចថា ថ្នាក់លើនឹងផ្ដល់យុត្តិធម៌ឱ្យអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាពិសេសពិនិត្យឡើងវិញនូវទង្វើររបស់ព្រះរាជអាជ្ញា។
សូមបញ្ជាក់ថា ទណ្ឌិត សំប៊ុន យ៉ានី បានលួចលុយរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាអស់ចំនួន ២០៨ ៩៧៩,៨២ ដុល្លារអាម៉េរិក ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ ទណ្ឌិតរូបនេះ បានរត់គេចខ្លួនអស់ជាច្រើនឆ្នាំ និងបានចាប់ខ្លួននាថ្ងៃទី២៤ សីហា ឆ្នាំ២០២៣។ ក្រោយចាប់ខ្លួនបាន១ថ្ងៃ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងទណ្ឌិតនេះឱ្យរួចខ្លួនវិញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣៕
