ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ បានដឹកនាំប្រតិភូក្រសួងអប់រំ ចូលរួមព្រឹត្តិការណ៍ "2023 China-ASEAN Education Cooperation Week" នៅខេត្តគួយចូវ(Guizhou) ប្រទេសចិន។
យោងតាមគេហទំព័រក្រសួងអប់រំ លោក អ៊ុម រម្យណី ដែលជារដ្ឋលេខាធិការក្រសួងអប់រំ បានធ្វើជំនួបទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តី នៃក្រសួងអប់រំចិន ហើយបានស្នើសុំ៣ចំណុចដើម្បីពង្រឹងកិច្ចសហការជួយដល់កម្ពុជាគឺទី១- ការជួយបណ្តុះបណ្តាលការអប់រំ STEM នៅកម្រិត Technical ថ្នាក់វិទ្យាល័យ ទី២- ពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជា និងទី៣- ជួយគាំទ្រកសាងប្រព័ន្ធអប់រំឌីជីថលនៅប្រទេសកម្ពុជា។
បន្ទាប់មក ក្រុមការងារបានអញ្ជើញទស្សនាការតាំងពិពណ៌របស់សាកលវិទ្យាល័យនៅទីនោះ និងបានចូលរួមក្នុងកម្មវិធីជួបសម្ដែងការគួរសមរវាងរដ្ឋមន្រ្តីអប់រំចិន និងរដ្ឋមន្រ្តីអប់រំអាស៊ាន។ ដោយឡែកសម្រាប់កម្មវិធីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូអប់រំកម្ពុជា នឹងចូលរួមធ្វើបទបង្ហាញចំនួន២ ស្តីពីគោលនយោបាយអប់រំនៅកម្ពុជា និងការរៀបចំការដាក់ឲ្យអនុវត្តការអប់រំឌីជីថលនៅកម្ពុជា៕