បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្ដីជូនដំណឹងថា នៅថ្ងៃទី២៩ សីហាស្អែកនេះ ក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង នឹងចុះធ្វើការរុះការតាំងទំនិញលក់ដូរគ្រប់ប្រភេទ និងកាត់សំយាបដែលសង់មកលើចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែត ដែលរដ្ឋបាលក្រុង និងសង្កាត់ធ្លាប់បានចេញសេចក្តីជូនដំណឹង និងចុះបាញ់ថ្នាំកំណត់រួចមកហើយ។
យោងតាមរដ្ឋបាលក្រុងប៉ោយប៉ែត បានក្រើនរំលឹក និងចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នេះ បន្ទាប់ពីរដ្ឋបាលក្រុងបានជូនដំណឹងដល់ប្រជាពលរដ្ឋរួចម្តងហើយកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាបដែលសហគ្រាសក្រុមហ៊ុនពាណិជ្ជករប្រជាពលរដ្ឋសាងសង់ និងលក់ ដូររំលោភលើដីចំណីផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលមានការរំលោភកាន់កាប់ចូលចំណីផ្លូវសាធារណៈឱ្យរុះរើដោយស្ម័គ្រចិត្តឱ្យបានមុនថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ផងដែរ។
ក្នុងការចុះរុះរើនេះ រួមមាន កាត់សំយាប ស្លាកយីហោ ដែលសង់លើចំណីផ្លូវសាធារណ: ចាប់ពីផ្លូវជាតិលេខ៥ សងខាងផ្លូវពីចិញ្ចឹមផ្លូវយ៉ាងតិច ៥ម៉ែត្រ រហូតដល់ផ្លូវក្នុងទីប្រជុំជន សងខាងផ្លូវ ពីចិញ្ចឹមផ្លូវ ៣ម៉ែត្រ ទៅ៥ម៉ែត្រ យ៉ាងតិច៕