ភ្នំពេញ៖ ក្រុមនិស្សិតតំណាងមកពីប្រទេសជប៉ុន មកពីសាកលវិទ្យាល័យ Toyohashi University of Technology បានទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិដែលមានឈ្មោះថា ABU Robocon 2023។
បើតាមគេហទំព័រ Robocon Cambodia បានឱ្យដឹងថាកម្មវិធីប្រកួតរ៉ូបូតថ្នាក់អន្តរជាតិនេះបានប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានការចូលរួមប្រកួតពីបេក្ខជនមកពី១៣ប្រទេសដែលនៅអាស៊ី ប៉ាស៊ីហ្វិក ហើយនៅក្នុងឆ្នាំ២០២៣ នេះ ក្រុមសិស្សនិស្សិតមកពីប្រទេសជប៉ុន ជាអ្នកដែលឈ្នះជ័យលាភីលេខ១។
គួរបញ្ជាក់ផងដែរថា កម្ពុជាមានយុវជនតំណាងចំនួនពីរក្រុមចូលរួមប្រកួត គឺក្រុម NPIC02 មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលជាជើងឯកថ្នាក់ជាតិកាលពីប្រកួតជាមួយនឹងសាលាផ្សេងៗក្នុងប្រទេសកម្ពុជានិងក្រុម ITC02 មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាជើងឯករងថ្នាក់ជាតិ។
គួរបញ្ជាក់ផងដែរកម្មវិធី ABU Asia-Pacific Robot Contest (ABU Robocon) គឺជាការប្រកួតប្រជែងរ៉ូបូត ដែលបង្កើតឡើងតាំងពីឆ្នាំ 2002 ដោយសហភាពផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក។ ការប្រកួតនេះត្រូវបានបង្កើតឡើងដោយមានគោលបំណងបង្កើតមិត្តភាពក្នុងចំណោមយុវជនដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នាដើម្បីជួយជំរុញវិស្វកម្ម និងបច្ចេកវិទ្យានៅក្នុងតំបន់។