ថៃ៖លោកស្រេថា ថាវីស៊ីន ជាមហាសេដ្ឋីអចលនទ្រព្យថៃវ័យ ៦០ឆ្នាំ កើតក្នុងឆាំ ១៩៦២ ត្រូវបានព្រះមហាក្សត្រថៃប្រកាសគាំទ្រជានាយករដ្ឋមន្រ្តីថៃថ្មី បន្ទាប់ពីទទួលបានការគាំទ្រពីសភាគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ លោកក៏ជានាយករដ្ឋមន្រ្តីថៃថ្មីមួយរូបដែលមិនធ្លាប់មានបទពិសោធន៍ប្រឡូកក្នុងនយោបាយឡើយ។
លោក ថាវីស៊ីន កើតក្នុងគ្រួសារអភិជននៅទីក្រុងបាងកក សិក្សាផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Massachusetts និងទទួលបាន MBA នៅសាកលវិទ្យាល័យ Claremont Graduate University នៅសហរដ្ឋអាម៉េរិក។ លោកធ្លាប់បម្រើការងារឲ្យក្រុមហ៊ុន Procter & Gamble នៅក្នុងប្រទេសថៃ មុនពេលក្លាយខ្លួនជាថៅកែក្រុហ៊ុន Sansiri ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសថៃ។ លោកបានលាលែងពីតួនាទីជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន មុនពេលឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់របស់បក្សភឿថៃ។ លោកបានរៀបការជាមួយលោកអ្នកស្រី Pakpilai Thavisin ដែលជាវេជ្ជបណ្ឌិត និងជាអ្នកជំនាញផ្នែកថ្នាំ លោកក៏មានកូនបីនាក់ជាចំណងដៃក្រោយរៀបអាពាហ៍ពិពាហ៍ផងដែរ។
លោក ស្រេថា ថាវីស៊ីន គឺជាមនុស្សដែលជិតស្និទ្ធនឹងគ្រួសាររបស់ ស៊ីណាវ៉ាត្រា តាំងពីយូរយារណាស់មកហើយ រួមទាំងលោកថាក់ស៊ីន និងប្អូនស្រីរបស់លោកថាក់ស៊ីនគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាផងដែរ។
លោក ថាវីស៊ីនក៏ជាអ្នកគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយបានចែករំលែកទស្សនៈរបស់លោកជាញឹកញាប់លើបញ្ហាសេដ្ឋកិច្ចតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្នុងអំឡុងពេលនៃការបង្រ្កាបលើអ្នកតវ៉ាកំណែទម្រង់រាជាធិបតេយ្យនៅឆ្នាំ ២០២០ លោកបានជំរុញឱ្យអង្គការ Unicef អំពាវនាវឱ្យរដ្ឋាភិបាលកុំប្រើអំពើហិង្សាលើបាតុករវ័យក្មេង។ លោក ថាវីស៊ីន ធ្លាប់បាននិយាយថា លោកនឹងមិនស្វែងរកការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ដែលការរិះគន់របបរាជានិយមអាចឈានដល់ការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ៕