ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមបង្កើតកម្មវិធីកម្សាន្តបែបអប់រំមួយដែលមានឈ្មោះថាបញ្ញវន្តឌីជីថលដែលផ្តួចផ្តើមឡើងដោយកូនខ្មែរដើម្បីលើកស្ទួយការយល់ដឹងពីបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាគ្រប់វ័យទាំងអស់ដែលទស្សនាបានទាំងកម្សាន្ត និងការអប់រំ។
បើតាមលោក ថូមីត ដែលជាកូនខ្មែរមួយរូបក្នុងចំណោមកូនខ្មែរបួនរូបដែលបានបង្កើតកម្មវិធីបញ្ញវន្តឌីជីថលបានឱ្យដឹងថា កម្មវិធីបញ្ញវន្តឌីជីថលជាកម្មវិធីមួយដែលប្លែកមិនធ្លាប់មានពីមុនមកព្រោះវាមានភាពស្មុគស្មាញដោយបូកផ្សំជាមួយនឹងគោលបំណងដើម្បីពង្រឹងចំណេះដឹងពីបច្ចេកវិទ្យារួមផ្សំជាមួយនឹងការកម្សាន្តអមជាមួយដែលមានការចូលរួមពីសំណាក់បេក្ខជនបេក្ខនារីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ។
កម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់យុវជនកម្ពុជាដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យនៅគ្រប់បណ្តាខេត្ត ដើម្បីមានឱកាសបានសាកល្បងជាមួយនឹងបទពិសោធន៍ថ្មីៗដែលកម្រមាន។ លោក ថូមីត បានបន្តទៀតផងដែរថា មូលហេតុដែលផ្តោតទៅលើតែសិស្សវិទ្យាល័យដោយសារតែលោកចង់ឱ្យកម្មវិធីនេះមានភាពលេចធ្លោមួយដែលប្លែកពីគេ និងមិនមានភាពចម្រុះគ្នាពេកនៃអាយុ និងបទពិសោធន៍ ព្រោះថាប្រសិនបើលោកបើកសម្រាប់សាធារណៈជនទូទៅ នោះប្រសិនបើមានអ្នកជំនាញចូលមក ប្រាកដជាឈ្នះជាមិនខានដែលបណ្តាលឱ្យយុវជនផ្សេងទៀតដែលមិនទាន់មានបទពិសោធន៍ច្រើនបាត់បង់ឱកាសក្នុងការពង្រឹងសមត្ថភាព។
បើតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថាវគ្គជម្រុះថ្នាក់ជាតិ នឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍នេះបន្ទាប់ពីឆ្លងកាត់វគ្គជម្រុះថ្នាក់ខេត្ត បេក្ខជនដែលជាប់មកពី ២៥ខេត្តក្រុង តម្រូវឲ្យប្រកួតបន្តក្នុងវគ្គជម្រុះថ្នាក់ជាតិ ដែលមានរយៈ ៧សប្តាហ៍ដែលមានវិញ្ញាសាពិបាកៗជាច្រើនកំពុងរង់ចាំបេក្ខជនសម្រាប់ដោះស្រាយដោយប្រើគំនិតច្នៃប្រឌិត និងអ្វីដែលពួកគេបានរៀនពីការបង្វឹក។
គួរបញ្ជាក់ផងដែរថា កម្មវិធីបញ្ញវន្តឌីជីថលនឹងត្រូវបានផ្សាយផ្ទាល់ក្នុងគេហទំព័ររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀងរាល់ថ្ងៃសុក្រ៕