
ភ្នំពេញ៖ ចិនបានផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់១គ្រឿង ជាមួយនឹងសម្ភារៈ បរិក្ខាពេទ្យ នៅក្នុងរថយន្ត ដែលជាជំនួយឥតសំណង មកកាន់ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ ។

នៅថ្ងៃទី២៤ សីហា ឆ្នាំ២០២៣ កន្លងទៅនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់កិត្តិយសចូលរួមនៅក្នុងការចូលរួមកម្មវិធីប្រគល់ជូនរថយន្តសង្គ្រោះបន្ទាន់ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា។

ដើម្បីតបស្នងជាមួយនឹងការផ្តល់ជូនដ៏មានតម្លៃមួយនេះ ឯកឧត្តម ឃួង ស្រេង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមិត្តចិន ចំពោះការខិតខំប្រឹងប្រែងបន្តបន្ទាប់ក្នុងការផ្តល់ជំនួយ និងកិច្ចសហការគាំទ្រ ក៏ដូចជាការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង សម្ភារៈនិងបរិក្ខារ មកជូនប្រទេសកម្ពុជាសម្រាប់ការប្រើជាប្រយោជន៍ដើម្បីចូលរួមសង្គ្រោះប្រជាជនឱ្យបានកាន់តែទាន់ពេលវេលា៕