
ភ្នំពេញ៖ នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ បានពិនិត្យនិងសម្រេច លើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមាន៨មាត្រា។ នេះបើយោងតាមសេចក្ដីប្រកាសលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤សីហានេះ។
រាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។ ក្នុងន័យនេះ រាជរដ្ឋភិបាលមានគោលបំណងបង្កើតស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារព្រំដែនជាមួយប្រទេសជិតខាង។
គម្រោងបង្កើតស្ថាប័នថ្មីនេះ មានគោលដៅឆ្ពោះទៅបិទបញ្ចប់ការកំណត់ព្រំដែន និងបញ្ហានានា។ ជាពិសេសឈានដល់ការអភិវឌ្ឍតំបន់ព្រំដែន សម្រាប់ជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី រួមទាំងលើកស្ទួយសមិទ្ធផលព្រំដែនទុកជាប្រវត្តិសាស្ត្រ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានបង្កើតឡើងចំនួន ៨មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕