
សៀមរាប៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការ Norwegian People’s Aid ចំនួន៩០នាក់ នាថ្ងៃទី២៤ សីហា បានដាំកូនឈើចំនួន ១៨០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។ សកម្មភាពនេះកំពុងចូលរួមលើកតម្លៃបរិស្ថាន និងបង្កើតភាពបៃតងក្នុងតំបន់រមណីយដ្ឋាន។
អង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីននៃ ប្រទេសណ័រវេស ក្នុងឱកាសដឹកនាំបុគ្គលិកធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប បានចូលរួមដាំកូនឈើ នៅខាងត្បូងកសិន្ធុអង្គរវត្ត ចំនួន ១៨០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ។ ដើមឈើដែលដាំរួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។ សកម្មភាពនេះកំពុងចូលរួមលើកតម្លៃបរិស្ថាន និងបង្កើតភាពបៃតងក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរារៀបចំកែលម្អតំបន់ពុំមានរបៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានលើកឡើងថា គិតពីឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង ៤៨,៧៨៨ដើម និងដាំស្មៅបាន ៣៥,៥៣១ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់ពលរដ្ឋរស់នៅ បន្ទាប់ពីពួកគេព្រមទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាលចេញទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង៕





