ភ្នំពេញ៖ អង្គការបង្រៀនដើម្បីកម្ពុជាកំពុងបន្តការជ្រើសរើសយុវជនដែលមានសក្តានុពលដើម្បីចូលរួមជាមួយនឹងការបង្រៀនសិស្សរយៈពេលពីរឆ្នាំនៅសាលារដ្ឋដែលជាដៃគូរបស់អង្គការ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
បើតាមគេហទំព័ររបស់អង្គការបង្រៀនដើម្បីកម្ពុជា កម្មវិធី Teach For Cambodia Fellowship គឺជាកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំពេញម៉ោងរយៈពេល 2 ឆ្នាំ ដែលផ្តល់មូលនិធិពេញលេញសម្រាប់យុរជនកម្ពុជាដែលឆន្ទៈខ្ពស់ក្នុងការបញ្ចេញនូវសក្តានុពល និងភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីប្តេជ្ញាចិត្តក្នុងការបង្រៀនពេញម៉ោងនៅក្នុងថ្នាក់រៀននៅតាមសាលារដ្ឋដែលជាដៃគូជាមួយនឹងអង្គការ។
បេក្ខជនដែលត្រូវបានជ្រើសរើស នឹងត្រូវបានដាក់នៅក្នុងសាលារដ្ឋដែលមិនសូវមានធនធានច្រើនដែលមានទាំងសាលានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តកណ្តាលជាដើម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍នៅទីនោះ ។ ជាពិសេស តាមរយៈកម្មវិធីនេះ យុវជននឹងត្រូវបានគាំទ្ររយៈពេល 2 ឆ្នាំជាមួយនឹងការបណ្តុះបណ្តាល និងការគាំទ្រយ៉ាងយកចិត្តទុកដាក់ដើម្បីបង្កើនភាពជាអ្នកដឹកនាំ និងឥទ្ធិពលរបស់ពួកគេ និងទទួលបានប្រាក់បៀវត្សទៀតផង។ ដើម្បីក្លាយជាបុគ្គលិកនៅក្នុងផ្នែកនេះ បេក្ខជនត្រូវដាក់ពាក្យតាមប្រព័ន្ធអនឡាញជាមុនសិនតាមរយៈតំណភ្ជាប់ https://www.tfaforms.com/5049860 ។
ដើម្បីអាចដាក់ពាក្យជាបេក្ខជនបាន លុះត្រាតែអ្នកជានិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ឬជាគ្រូបង្រៀនដែលមានស្រាប់ (មន្ត្រីរាជការ)។ គួរបញ្ជាក់ផងដែរថា អង្គការបង្រៀនដើម្បីកម្ពុជាស្វែងរកបុគ្គលដែលមានប្រវត្តិ និងមុខជំនាញផ្សេងៗគ្នា ដោយមិនចាំបាច់ជាជំនាញអប់រំទេទើបអាចដាក់បាន ពោលគឺ គេស្វែងរកអ្នកដឹកនាំដែលមានការប្តេជ្ញាចិត្ត និងការលើកទឹកចិត្ត ជាមួយនឹងផ្នត់គំនិតរីកចម្រើន និងសក្តានុពលភាពជាអ្នកដឹកនាំ និងជំនាញ។
ប្រសិនបើអ្នកត្រូវបានជ្រើសរើសជាមិត្តរួមការងារ អ្នកនឹងត្រូវបានបណ្តុះបណ្តាលនៅឯកន្លែងស្នាក់នៅរបស់យើងរយៈពេល 5 សប្តាហ៍ ដើម្បីរៀបចំអ្នកសម្រាប់ថ្នាក់រៀន។ បន្ថែមពីនេះ ក្រោយពេលចប់វគ្គបណ្តុះបណ្តាល អ្នកនឹងធ្វើការជាមួយនឹងអង្គការរយៈពេល 2 ឆ្នាំដោយគ្រូបង្វឹក និងអ្នកណែនាំ ដើម្បីធានាថាអ្នកអាចដឹកនាំថ្នាក់រៀនរបស់អ្នក និងមានឥទ្ធិពលវិជ្ជមានលើសិស្សរបស់អ្នក៕