Cctimesw1140xh150cm copy

អ្នកជំនាញចិត្តសាស្រ្ត យឹម សុធារី ផ្តល់គន្លឹះដើម្បីរក្សាសុខភាពផ្លូវចិត្តបានល្អ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អ្នកជំនាញចិត្តសាស្រ្ត យឹម សុធារី ដែលបច្ចុប្បន្នជានាយិកានៃមជ្ឈមណ្ឌលស្នេហា ចែករំលែកបទពិសោធន៍មុននឹងក្លាយជាអ្នកចិត្តសាស្រ្ត និងវិធិសាស្រ្តរក្សាផ្លូវចិត្តបានល្អ ដើម្បីការពារពីការមានបញ្ហាផ្លូវចិត្ត។ អ្នកស្រីមានបទពិសោធន៍ក្នុងផ្នែកចិត្តសាស្រ្តប្រមាណរហូតដល់ ១៨ឆ្នាំ។

បើតាមអ្នកស្រី សុធារី បានឱ្យដឹងថា អ្នកស្រីពិតជាមានចំណាប់អារម្មណ៍ស្រលាញ់អាជីពជាអ្នកចិត្តសាស្រ្តណាស់ដោយសារតែការងារនេះអាចធ្វើឱ្យអ្នកស្រីបានជួបជាមួយនឹងអ្នកដែលកំពុងមានបញ្ហាដើម្បីបានស្តាប់ពីបញ្ហារបស់ពួកគេដើម្បីឱ្យធូរស្រាលជាងមុន និងសួរជាសំណួរដែលគេអាចឆ្លុះបញ្ចាំងដោយខ្លួនឯងដើម្បីអាចធ្វើការដោះស្រាយបញ្ហាដោយខ្លួនឯង។ បន្ថែមពីនេះទៅទៀត អាជីពមួយនេះអាចធ្វើឱ្យអ្នកស្រីអាចដោះស្រាយបញ្ហារបស់ខ្លួនឯង និងរក្សាផ្លូវចិត្តរបស់ខ្លួនបានល្អផងដែរ។

អ្នកស្រី យឹម សុធារី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អ្នកស្រីក៏មិននឹកស្មានថាបច្ចុប្បន្នខ្លួនបានក្លាយជាអ្នកចិត្តសាស្រ្តបែបនេះដែរ ព្រោះថាកាលនៅសិក្សាថ្នាក់វិទ្យាល័យ មិនធ្លាប់ស្គាល់និងបានដឹងពីជំនាញមួយនេះទាល់តែសោះ គឺធ្លាប់តែបំណងក្នុងការរៀនពេទ្យ ឬ រៀនខាងរចនាម៉ូត តែដោយសារតែមិនចង់ដាក់សម្ពាធការចំណាយនៅក្នុងគ្រួសារក៏ជ្រើសរើសនៅក្នុងការប្រលងចូលគរុកោសល្យ ហើយបានបង្រៀនសាលារដ្ឋមួយនៅខេត្តកំពង់ស្ពឺបានរយៈពេលពីរឆ្នាំ។

ទោះបីក្លាយជាគ្រូបង្រៀនហើយក៏ដោយ ក៏អ្នកស្រីតែងតែឆ្លៀតពេលចុងសប្តាហ៍ធ្វើដំណើរមករៀននៅសាកលវិទ្យាល័យនៅភ្នំពេញដើម្បីពង្រឹងសមត្ថភាពខ្លួនបន្តទៀតផងដែររហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស។ ក្រោយបង្រៀនបានពីរឆ្នាំ អ្នកស្រីក៏ចាប់ផ្តើមមានការស្រលាញ់ការងារជាមួយនឹងអង្គការជាង ដូចនេះ អ្នកស្រីក៏បានបញ្ចប់ការបង្រៀន ហើយអ្នកស្រីបានធ្វើការជាមួយនឹងអង្គការដោយមានពេលខ្លះត្រូវចុះតាមភូមិ និងពេលខ្លះត្រូវដើរតួនាទីជាអ្នកបកប្រែផង ជាជំនួយការអ្នកចិត្តសាស្រ្ត រហូតដល់មានការស្រលាញ់វិស័យចិត្តសាស្រ្តនេះកាន់តែខ្លាំងទើបចាប់ផ្តើមបើកស្ថាប័នមួយដែលមានឈ្មោះថា មជ្ឍមណ្ឌលស្នេហា នៅឆ្នាំ២០២០ ដែលធ្វើការពាក់ព័ន្ធនឹងការប្រឹក្សាផ្លូវចិត្ត។

ក្នុងនាមជាអ្នកចិត្តសាស្រ្តម្នាក់ អ្នកស្រី សុធារី បានធ្វើការជួបភ្ញៀវដែលមកធ្វើការប្រឹក្សាមានគ្រប់វ័យ ដែលបានសិក្សាច្រើនពីបញ្ហារបស់បុគ្គលម្នាក់ដែលសុទ្ធតែខុសគ្នារៀងៗខ្លួន។ ឬសគល់នៃបញ្ហាស្មុគស្មាញផ្លូវចិត្តដែលអ្នកស្រីឃើញមានជួបភាគច្រើនគឺបណ្តាលមកពីការមើលថែយកចិត្តទុកដាក់មិនដិតដល់នៅកុមារភាព ជួបរឿងផ្សេងនៅវ័យកុមារមានឥទ្ធិពលមកលើផ្លូវចិត្តរបស់មនុស្សភាគច្រើនក្នុងពេលបច្ចុប្បន្ន។ អ្នកស្រីបានសង្កត់ធ្ងន់ថា សុខភាពផ្លូវចិត្តពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅពេលណាមួយដែលសុខភាពផ្លូវចិត្តមិនរឹងមាំ នោះសុខភាពផ្លូវកាយក៏នឹងទទួលឥទ្ធិពលពីវាដូចគ្នា ដែលជារឿងមួយដែលគួរឱ្យព្រួយបារម្មណ៍ព្រោះវាមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត។

អាស្រ័យហេតុនេះហើយ អ្នកជំនាញចិត្តសាស្ត្រ សុធារី បានផ្តល់ជាគន្លឹះថា ដើម្បីរក្សាលំនឹងផ្លូវចិត្តបានល្អ យើងគួរតែចំណាយពេលវេលានៅក្នុងការវិនិយោគលើខ្លួនឯងឱ្យបានច្រើនដែលមានដូចជា ខិតខំក្នុងការសន្សំប្រាក់ដើម្បីមានសេរីភាពហិរញ្ញវត្ថុ តែក៏ត្រូវមើលថែខ្លួនឯងឱ្យបានល្អចំណាយឱ្យត្រូវផងដែរ។ ជាពិសេស ត្រូវឧស្សាហ៍ពិនិត្យមើលសុខភាពរបស់ខ្លួន ព្រោះថាសុខភាពជាអ្វីគ្រប់យ៉ាង ប្រសិនបើសុខភាពមិនអំណោយផលហើយ នោះការងារផ្សេងទៀតក៏មិនអាចដំណើរការដោយមានប្រសិទ្ធភាពដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង