ភ្នំពេញ៖ កញ្ញា សុផានី ច័ន្ទតារា បានជាប់អាហាររូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនីតិមនុស្សធម៌អន្តរជាតិ នៅប្រទេសស៊ុយអែត តាមរយៈអាហាររូបករណ៍របស់ Raoul Wallenberg Institute (RWI) បន្ទាប់ពីចំណាយពេលច្រើនឆ្នាំក្នុងការក្រេបយកបទពិសោធន៍ពីសង្គមកំឡុងពេលសិក្សានៅថ្នាក់បរិញ្ញាបត្រក្នុងប្រទេសកម្ពុជា។
កញ្ញាសុផានី ច័ន្ទតារា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាជានិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យពីរគឺ បរិញ្ញាបត្រច្បាប់សិក្សាជាភាសាអង់គ្លេសនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០២២ និង បញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស នៅឆ្នាំ២០២៣។ កំឡុងពេលសិក្សានៅសាកលវិទ្យាល័យ កញ្ញាតែងតែឆ្លៀតពេលចូលរួមកម្មវិធីផ្សេងៗជាច្រើនមិនថានៅក្នុងស្រុក ឬក្រៅស្រុកដូចជាកម្មវិធីប្រកួតជជែកដេញដោលជាមួយនឹង The Perspectives Cambodia រដូវកាលទី២ រួមទាំងជាមួយនឹងកម្មវិធីរបស់ក្រសួងកិច្ចការនារីផងដែរ។ បន្ថែមពីនេះ កញ្ញាធ្លាប់មានបទពិសោធន៍ទៅក្រៅប្រទេសតាមរយៈកម្មវីធី SSEAYP កាលពីឆ្នាំ២០១៩ និងកម្មវិធីផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២២ ផងដែរ។
ក្នុងនាមជាយុវជនសកម្មម្នាក់ កញ្ញាតែងតែព្យាយាមស្វែករកឱកាសដែលអាចពង្រឹងសមត្ថភាពរបស់ខ្លួនបាន ដោយបានចូលរួមហាត់ការងារជាមួយនឹងស្ថាប័នផ្សេងៗផងដែរតួយ៉ាងដូចជា RWI ដែលធ្វើបានរយៈពេល៩ខែ ធ្វើឱ្យកញ្ញាកាន់តែមានការស្គាល់កាន់តែច្បាស់ពាក់ព័ន្ធនឹងប្រធានបទផ្សេងៗអំពីសិទ្ធមនុស្ស ធ្វើឱ្យកាន់តែស្រលាញ់ និងស្វែងយល់ឱ្យកាន់តែជ្រៅពាក់ព័ន្ធនឹងជំនាញមួយនេះ ដូចនេះហើយទើបកញ្ញាបានដាក់អាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតរយៈពេល២ឆ្នាំនៅសាកលវិទ្យាល័យ Lund University នៃប្រទេសស៊ុយអែត ដោយមានការ៉ាប់រងការចំណាយពេញលេញទាំងការបង់ថ្លៃការសិក្សា និងការហូបចុកស្នាក់នៅផ្សេងទៀតផងដែរ។
បើតាមកញ្ញា ច័ន្ទតារា បានឱ្យដឹងថាមូលហេតុដែលខ្លួនចង់រៀននៅក្រៅប្រទេសដោយសារតែការសិក្សានៅក្រៅប្រទេសជាបទពិសោធន៍មួយដែលមានឥទ្ធិពលមកលើចំណេះដឹងរបស់ខ្លួនក្នុងនាមជាយុវជនមួយរូបដែលមកពីប្រទេសកំពុងអភិវឌ្ឍ។ បន្ថែមពីនេះ កញ្ញាគិតថាការសិក្សានៅក្រៅប្រទេសនឹងធ្វើឱ្យខ្លួនអាចស្គាល់ពីចំណង់ចំណូលចិត្តខ្លួនឯងជាងមុន ស្គាល់មនុស្សថ្មីៗ រួមទាំងរៀនរស់ដោយខ្លួនឯងផងដែរដោយសារតែនៅឆ្ងាយពីប្រទេសរបស់ខ្លួន។
កញ្ញា បានចែករំលែកបន្តទៀតថា សម្រាប់អ្នកដែលមានបំណងក្នុងការដាក់អាហារូបករណ៍នេះគួរត្រៀមលក្ខណៈអោយបានកាន់តែលឿនកាន់តែល្អពីព្រោះថាឯកសារចាំបាច់មានច្រើនដូចជា Motivational Letter, CV, Recommendation Letter, IELTs, លិខិតបញ្ជាក់ថាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ រួមទាំងឯកសារផ្សេងៗទៀតជាច្រើន។ កញ្ញាក៏បានបង្ហើបផងដែរថាជាធម្មតា អាហារូបករណ៍នេះនឹងបើកទទួលការដាក់ពាក្យចាប់ពីខែ តុលា ដែលនឹងបិទបញ្ចប់វិញនៅខែកុម្ភៈ ដូចនេះ កញ្ញាលើកទឹកចិត្តឱ្យអ្នកដែលចង់ដាក់ចូលទៅអានព័ត៌មានលម្អិតពីអាហារូបករណ៍នេះអោយយល់កាន់តែច្បាស់មុននឹងដាក់ពាក្យ ដើម្បីអាចត្រៀមលក្ខណៈ និងឯកសារចាំបាច់ផ្សេងៗទៀតដែលត្រូវការព្រោះថា ឯកសារខ្លះត្រូវចំណាយពេលយូរ។
មុននឹងត្រូវជ្រើសរើសឱ្យទៅសិក្សានៅប្រទេសស៊ុយអែត កញ្ញា ក៏ធ្លាប់មានបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងជំនាញដែលខ្លួនកំពុងតែបន្តការសិក្សាថ្នាក់អនុបណ្ឌិត ដោយកញ្ញា ធ្លាប់ចូលសិក្សាពាក់ព័ន្ធនឹងប្រធានបទនេះពីមុនមក ជជែកដេញដោល និងហាត់ការងារនៅក្នុងស្ថាប័ន RWI នៅក្នុងប្រទេសកម្ពុជាផងដែរ។
កញ្ញា បានរៀបរាប់បន្តទៀតផងដែរថា មុននឹងត្រូវបានជ្រើសរើសកញ្ញាត្រូវឆ្លងកាត់ដំណាក់កាលដ៏លំបាកជាច្រើនតង់ដូចជា ដាក់ពាក្យទៅកាន់សាកលវិទ្យាល័យដែលខ្លួនមានបំណងក្នុងការសិក្សាដើម្បីទទួលបាន admission បន្ទាប់មកក៏ត្រូវដាក់ពាក្យជាមួយនឹងគណៈកម្មការអាហារូបករណ៍ដែលត្រូវបានគេធ្វើរង្វាយតម្លៃដោយប្រៀបធៀបជាមួយនឹងបេក្ខជនដទៃទៀតដែលទទួលបាន admission ដូចគ្នានេះ។
ជាគន្លឹះចុងក្រោយដែលកញ្ញាមានបំណងក្នុងការផ្តល់ជូនយុវជនដែលចង់បានអាហារូបករណ៍ទៅសិក្សានៅប្រទេសស៊ុយអែត ថា កុំចាំរហូតដល់នាទីចុងក្រោយទើបចាប់ផ្តើមរៀបចំដាក់ពាក្យ តែគួរតែចូលអានពីឥឡូវទៅឱ្យបានយល់ច្រើន ហើយត្រៀមឯកសារមួយចំនួនទុកឱ្យបានរួចរាល់ជាពិសេសរៀនត្រៀម IELTS ព្រោះភាសាអង់គ្លេសពិតជាសំខាន់នៅក្នុងការបានអាហារូបករណ៍សិក្សានៅក្រៅប្រទេស។ ជាពិសេស ត្រូវហ៊ានសូមជំនួយពីអ្នកដែលមានបទពិសោធន៍ច្រើនដើម្បីអាចពិភាក្សាពីចំណុចដែលខ្លួនខ្វះខាតក្នុងការសរសេរពាក្យសម្រាប់ដាក់ពាក្យ ហើយបើលទ្ធផលចេញមកយ៉ាងណាក៏ដោយ កុំទាន់អាលបារម្ភ តែត្រូវខិតខំឱ្យបានល្អសិន ទោះជាប់ឬធ្លាក់ វានឹងជាបទពិសោធន៍មួយដែលអាចជួយអភិវឌ្ឍយើងបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា RWI ជាស្ថាប័នមួយដែល ប្តេជ្ញាចិត្តក្នុងការលើកកំពស់វិស័យសិទ្ធិមនុស្សតាមរយៈការអប់រំ។ RWI មានបំណងចង់រួមចំណែកក្នុងការផ្តល់ការយល់ដឹងអោយទូលំទូលាយ និងការគោរពនីតិសិទ្ធិមនុស្ស និងនីតិមនុស្សធម៌អន្តរជាតិ។ ចក្ខុវិស័យរបស់RWI គឺចង់លើកកម្ពស់សង្គមមួយដែលពោរពេញដោយភាពយុត្តិធម៌ និងការចូលរួមគ្រប់ៗគ្នាដើម្បីឈានទៅដល់ការយល់ដឹងពេញលេញអំពីសិទ្ធិសម្រាប់មនុស្សគ្រប់រូប៕