ភ្នំពេញ៖ រដ្ឋាភិបាលថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ, ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវ «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋ នៅមុនការបោះ។ ជាពិសេស ផ្តោតការយកចិត្តទុកដាក់លើ កម្មវិធីគោលនយោបាយ ជាអាទិភាព ទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាម នៅក្នុងឆ្នាំ ២០២៣ នេះ។ នេះបើតាមប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំ រដ្ឋសភា នីតិកាលទី ៧ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។
កម្មវិធីគោលនយោបាយ ជាអាទិភាព ទាំង ៦ រួមមាន ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល; ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស; និង ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន។
រដ្ឋាភិបាលថ្មីថែមទាំងមាន ការដាក់ចេញ និង ការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ មានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ; ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និង ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕