
សៀមរាប៖ អាជ្ញាធរជាតិអប្សរាកំពុងជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគ ដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដី នាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដែលខូតខាត ដោយសារទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្មរបស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ។
បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក និងគ្រឹះរបស់វាត្រូវទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្មរបស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ។

ការងារជួយសង្គ្រោះបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីនាភាគខាងកើតនៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនោះ គឺគេធ្វើការងារជាច្រើនទៅតាមបច្ចេកទេសដូចជា ត្រូវដកជាតិអំបិលចេញពីថ្មនៅតាមកន្លែងខ្លះ រីឯខ្លួននាគដែលបាក់បែក គឺត្រូវប្រើបច្ចេកទេសតភ្ជាប់និងផ្គុំថ្មឡើងវិញ ហើយត្រង់កន្លែងណាដែលបាត់បង់គឺត្រូវឆ្លាក់ថ្មថ្មីមកដាក់ជំនួស។ ចំណែកឯ ជើងទម្រនាគដែលបាក់បែក ក៏ត្រូវពង្រឹងឡើងវិញ ដើម្បីប្រែក្លាយពីហានិភ័យឱ្យទៅជាសុវត្ថិភាព។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានបង្កាន់ដៃនាគនៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាច្រើនកន្លែងកំពុងស្ថិតក្នុងហានិភ័យ ប៉ុន្តែពេលនេះ អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមជួសជុលគ្រឹះបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីនាភាគខាងកើតនៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រមួយសិន បន្ទាប់ពីបញ្ចប់ជួសជុលបង្កាន់ដៃនាគនេះ នឹងចាប់ផ្ដើមជួយសង្គ្រោះបង្កាន់ដៃនាគនៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាបន្តបន្ទាប់ទៀត៕



.jpg?1692676317)



