រុស្សី៖ អភិបាលក្រុងមូស្គូលោក Sergey Sobyanin ឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា "យន្តហោះគ្មានមនុស្សបើកវាយប្រហារ" របស់អ៊ុយក្រែនចំនួនពីរគ្រឿងត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសនៅជិតរដ្ឋធានីរុស្ស៊ី។ UAV មួយគ្រឿងត្រូវបានបាញ់ទម្លាក់ពីលើទីក្រុង Krasnogorsk ចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីទីក្រុងមូស្គូ ខណៈមួយគ្រឿងទៀតត្រូវបានបាញ់ទម្លាក់ក្នុងតំបន់ Chastsy ។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងផងដែលថា យន្តហោះ UAV សរុបចំនួន ៤ គ្រឿងត្រូវបានប្រើប្រាស់នៅក្នុង "ការវាយប្រហារភេរវកម្ម" កាលពីថ្ងៃអង្គារ។ យន្តហោះគ្មានមនុស្សបើកពីរគ្រឿងត្រូវបានបំផ្លាញនៅក្នុងតំបន់មូស្គូ ហើយពីរគ្រឿងទៀតត្រូវបានបាញ់កម្ទេចដោយប្រព័ន្ធការពារដែនអាកាសរុស្សី ហើយបានធ្លាក់នៅតំបន់ Bryansk ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន។
ជើងហោះហើរចូល និងចេញពីអាកាសយានដ្ឋានសំខាន់ៗចំនួនបីរបស់ទីក្រុងមូស្គូ រួមមាន Domodedovo, Sheremetyevo និង Vnukovo ត្រូវបានផ្អាកបន្ទាប់ពីមានការជូនដំណឹងពីមន្រ្តីជំនាញ៕