អាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នាថ្ងៃសៅរ៌នេះបានចាត់ទុកសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអាម៉េរិកមិនចង់ឱ្យជម្លោះនៅអ៊ុយក្រែនបញ្ចប់នោះទេ ហើយគំនិតផ្តួចផ្តើមស្វែងរកនូវសន្តិភាពនោះ អាម៉េរិកគ្រាន់តែយកវាធ្វើជាលេសដើម្បីព្យាយាមបំផ្លាញប្រទេសរុស្សីតែប៉ុណ្ណោះ។
លោក Lavrov ក៏បានលើកឡើងពីបញ្ហាភូមិសាស្ត្រនយោបាយចាំបាច់មិនមែនត្រូវពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀ ហ្សេលេនស្គី នោះទេ គឺត្រូវការចរចាដោយជាមួយនឹងសហរដ្ឋអាម៉េរិកទើបសមហេតុផល។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាដែលបានកើតឡើងនេះ សហរដ្ឋអាម៉េរិកគ្មានចេតនាបញ្ចប់ជម្លោះនោះទេ ហើយគោលបំណងដែលបានប្រកាសជាផ្លូវការរបស់ពួកគេគឺធ្វើឱ្យរុស្សីកាន់តែធ្លាក់ក្នុងមហន្តរាយ។
លោកបន្តថា កិច្ចប្រជុំនៅទីក្រុង Copenhagen និង Jeddah ដែលរុស្ស៊ីមិនត្រូវបានចូលរួមនេះ គឺបង្ហាញពីចេតនារបស់អាម៉េរិកក្នុងការចរចាជាមួយរុស្ស៊ី។ ហើយទីក្រុងមូស្គូក៏បានច្រានចោលបញ្ជីទាមទារ ១០ ចំណុចរបស់ ហ្សេលេនស្គី ដែលមិនអាចទទួលយកបានទាក់ទងនឹងបញ្ហាសង្គ្រាមនេះ។ រុស្ស៊ីបានព្យាយាមចរចាម្តងហើយម្តងទៀត នៅក្នុងកិច្ចព្រមព្រៀង Minsk ឆ្នាំ 2014 និង 2015។ ហើយអាម៉េរិក បានច្រានចោល គំនិតផ្តួចផ្តើមរបស់ទីក្រុងមូស្គូ ហើយបានបង្កើនការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅទីក្រុងគៀវជំនួសវិញ។ លោក Lavrov បានចាត់ទុកការអំពាវនាវរបស់បស្ចិមប្រទេសសម្រាប់ការចរចា គឺជាពន្យាលពេលវេលា ដែលអាចផ្តល់ឱ្យកងទ័ពអ៊ុយក្រែន និងឱកាសក្នុងការប្រមូលផ្តុំឡើងវិញ និងបញ្ជូនអាវុធ និងគ្រាប់រំសេវបន្ថែមទៀតដើម្បីប្រឆាំងជាមួយរុស្សី៕