Img 1426
Swift cc time

អាជ្ញាធរផ្អាកចរាចរណ៍បណ្តោះអាសន្នជុំវិញវិមានរដ្ឋសភា នៅថ្ងៃទី២១-២២សីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន ២ថ្ងៃ នៅទីតាំងជុំវិញវិមានរដ្ឋសភា ដោយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា នឹងរៀបចំប្រារព្ធពិធីបើក សម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា។ ចំណែកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល

ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី និងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរ ឆ្លងកាត់កំណាត់វិថីមួយចំនួនចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

១. កំណាត់វិថីរដ្ឋសភា (ចាប់ពីរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី)។ ២.កំណាត់វិថីសម្តេច ហេង សំរិន (ចាប់ពីវិថី សម្តេច ប៊ុន សែន រហូតដល់វិថីរដ្ឋសភា)។ ៣.កំណាត់ផ្លូវលេខ៧៨ (ចាប់ពីវិថីសម្តេច ប៊ុន សែន រហូតដល់វិថីរដ្ឋសភា)។ ៤.កំណាត់ផ្លូវបើកថ្មី ហៅផ្លូវJICA (ចាប់ពីវិថីទន្លេតូច រហូតដល់វិថីរដ្ឋសភា)។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលបញ្ចៀសចរាចរនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕


Khcct banner

អត្ថបទទាក់ទង