រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃព្រហស្បត៌ិនេះបានអះអាងថា កងកម្លាំងរបស់ខ្លួនបានវាយលុកជាច្រើនលើកពីអ៊ុយក្រែនក្នុងទិសដៅ Zaporozhy, Luhansk និង Donetsk ខណៈដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រកាសពីវឌ្ឍនភាពក្នុងទិសដៅ Melitopol និង Berdiansk នៅថ្ងៃតែមួយហើយអ៊ុយក្រែនក៏បានបំផ្លាញប្រព័ន្ធការពារដែនអាកាសរុស្សីអស់ជាច្រើនទីតាំងថែមទៀតផង។
យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែន នៅទីក្រុង Donetsk និងស្ទាក់ចាប់មីស៊ីល HIMARS ចំនួន ៤ គ្រាប់ មីស៊ីល BM-30 ចំនួន ២ ដើម និងយន្តហោះគ្មានមនុស្សបើក (UAVs) ចំនួន ២៦ គ្រឿងរបស់អ៊ុយក្រែន។
ទន្ទឹមនឹងនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានចេញរបាយការណ៍មួយនៅនាថ្ងៃព្រហស្បត៌នេះថា ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែនទៅលើកងកម្លាំងរុស្សីនៅតែកំពុងដំណើរការក្នុងទិសដៅនៃទីក្រុង Melitopol និង Berdiansk ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ក្នុងនោះកងទ័ពអាកាសអ៊ុយក្រែនបានធ្វើការវាយប្រហារចំនួនប្រាំពីរលើទាហាននិងឧបករណ៍របស់រុស្ស៊ី។ គ្រាប់រ៉ុក្កែត និងកាំភ្លើងធំជាច្រើនរបស់អ៊ុយក្រែនក៏បានវាយប្រហារកាំភ្លើងធំរុស្ស៊ី ការការពារដែនអាកាស និងគោលដៅសំខាន់ៗផ្សេងទៀតរបស់រុស្សីផងដែរ៕