សៀមរាប៖ ជួសជុលកំពង់ទឹក ដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ជាដំណាក់កាលទី២ ត្រូវចំណាយពេលមួយឆ្នាំ ចាប់ផ្តើមពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ។ គោលបំណងនៃការជួសជុល គឺពង្រឹងតែផ្នែកខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន។
កំពង់ទឹកផ្នែកខាងកើតនៃប្រាសាទព្រះខ័ន មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារ ក្រោយពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ផ្នែកខ្លះនៃកំពុងទឹកនេះ ត្រូវបានគេដកយកថ្មភក់ ទៅប្រើនៅកន្លែងផ្សេង។ ក្រោយពីការដកយកថ្មភក់ជញ្ជាំងជុំវិញរបស់ខឿនខាងកើតចេញ ធ្វើឱ្យខឿនផ្នែកនេះរងនូវការបាក់ស្រុត ដោយសារទឹកហូរច្រោះដីខាងក្នុងធ្វើឱ្យថ្មបាយក្រៀមដែលនៅសល់បានស្រុតចុះក្រោមស្ទើរតែបាត់រូបរាងទាំងស្រុង។
បច្ចុប្បន្នការជួសជុលកំពង់ទឹក សម្រេចបាន៣០ទៅ៤០ភាគរយហើយ ដោយបានបញ្ចប់ការរៀបចំផ្គុំកាំជណ្តើរផ្នែកខាងជើង និងខឿនជាន់ទី១ ហើយបន្តទៅខឿនជាន់ទី២។ រីឯ ជណ្តើរខាងកើត កំពុងរៀបចំបាន៥០ភាគរយ ដោយបានរៀបចំបានជណ្ដើរចំនួន៤កាំ នៅសល់កាំទី៥ និងខឿនជាន់ទី១ និងទី២ប៉ុណ្ណោះ៕