រតនគិរី៖ ជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋាន ចាប់ពីថ្ងៃទី០៩ - ១៨ សីហា ចូលរួមសិក្ខាសាលាស្តីពី «ការបញ្រ្ជាបយេនឌ័រក្នុងសហគមន៍តំបន់ការពារធម្មជាតិ» ជួយពង្រឹងចំណេះដឹងរបស់ពួកគេ ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរកាន់តែប្រសើរ និងជាវិជ្ជមានក្នុងលទ្ធផលនៃការអភិរក្សដោយសហគមន៍មូលដ្ឋាន ធានាបាននូវជីវភាពកាន់តែប្រសើរ និងការការពារឧទ្យានជាតិវីរៈជ័យកាន់តែមានប្រសិទ្ធភាព។
អង្គការសត្វព្រៃនិងរុក្ខជាតិ កម្ពុជា សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគីរី រៀបចំសិក្ខាសាលាស្តីពី «ការបញ្រ្ជាបយេនឌ័រក្នុងសហគមន៍តំបន់ការពារធម្មជាតិ» សម្រាប់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៤ ក្នុងភូមិសាស្រ្តខេត្តរតនគិរី នៃឧទ្យានជាតិវីរៈជ័យ អាជ្ញាធរមូលដ្ឋាន ឧទ្យានុរក្សមូលដ្ឋាន និងបុគ្គលិកនៃអង្គការអនុផលព្រៃឈើ (NTFP) ដោយបានរៀបចំនៅតាមសហគមន៍តំបន់ការពារធម្មជាតិនីមួយៗ មានអ្នកចូលរួមក្នុងមួយសហគមន៍ ចំនួន ៥០នាក់ ក្នុងនោះមានស្រ្តី ២៩នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹង និង ការយល់ដឹងទាក់ទងនឹងសារៈសំខាន់នៃឧទ្យានជាតិវីរៈជ័យ ការអភិរក្ស និងការដាំស្តារនូវជីវ:ចម្រុះ ការពង្រឹងសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងការងារអភិរក្ស និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើជីវភាពរបស់ពួកគេ៕