ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងធ្វើការបើកទទួលពាក្យជ្រើសរើសយុវជន១៥រូបចូលរួមកម្មវិធី Youth Leadership Submit នៅសិង្ហបុរី ដែលរៀបចំដោយ OSG Youth Alliance នៅប្រទេសសិង្ហបុរីនៅខែតុលា ឆ្នាំ២០២៣ ដែលមានការចូលរួមពីប្រទេសអាស៊ាន ចិន និងឥណ្ឌា ដើម្បីចូលរួមចំណែកជាមួយនឹងប្រធានបទធំគឺ និរន្តរភាព - ការរស់នៅទីក្រុង ។
កម្មវិធី Youth Leadership Submit 2023 ជាកម្មវិធីមួយដែលមានការចូលរួមដោយប្រទេសចំនួន១២ គឺប្រទេសដែលជាសមាជិកអាស៊ាន ឥណ្ឌា និងចិន ដែលត្រូវការរើសយុវជនចូលរួមប្រកួតយ៉ាងហោចណាស់ចំនួន៣៦០០ នាក់ ដែលនឹងជ្រើសរើស១៨០ នាក់ចូលរួមកម្មវិធីនៅប្រទេសសិង្ហបុរី។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជន ដែលមានគំនិតដូចគ្នាដែលចង់បង្កើតឥទ្ធិពលវិជ្ជមានលើសង្គម និងត្រួសត្រាយផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពលើសកលលោក។
យុវជនទាំង១៨០ នាក់ដែលអាចចូលរួមកម្មវិធិកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំយុវជនរយៈពេល 6 ថ្ងៃ នៅប្រទេសសិង្ហបុរី គឺត្រូវតែជាយុវជន១៥ នាក់ដែលទទួលបានជ័យលាភីនៅវគ្គទូទាំងប្រទេសនៅឯប្រទេសរបស់ខ្លួន។ ដូចនេះ ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះបាន យុវជនត្រូវមានការប្រកួតវគ្គទូទាំងប្រទេស ជាមុនសិន ។
បើតាមគេហទំព័រ Youth Leadership Summit 2023 Cambodia បានឱ្យដឹងថា កម្មវិធីនេះកំពុងតែបើកទទួលពាក្យពីយុវជនសម្រាប់ការដាក់ពាក្យ ដែលយុវជនដែលអាចដាក់ពាក្យបានត្រូវមានអាយុចន្លោះ ១៨ឆ្នាំទៅ២៥ឆ្នាំ និងត្រូវបង្កើតក្រុមដែលមានសមាជិកចំនួន៥នាក់ឱ្យបានត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ប្រសិនបើមានចាប់អារម្មណ៍ក្នុងការដាក់ពាក្យ អាចចូលទៅកាន់តំណភ្ជាប់ ៖ https://jinshuju.net/f/ZaHfS1។
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជាផ្នែកមួយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិចំនួនពីរ គឺគោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព និងគោលដៅទី១២ ការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ ដែលនឹងផ្តោតលើប្រធានបទចម្បងគឺ និរន្តរភាព - ការរស់នៅទីក្រុង។
គួរបញ្ជាក់ផងដែរថាកម្មវិធីនេះត្រូវបានរៀបចំឡើងដោយ OSG Youth Alliance ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ 2017 ជាសហគ្រាសសង្គមមួយដែលមានគោលបំណងអភិវឌ្ឍបណ្តាញយុវជនដែលត្រៀមរួចជាស្រេចនាពេលអនាគត ដែលអាចបំពេញតម្រូវការនៃពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង ខណៈពេលដែលការផ្លាស់ប្តូរសម្រាប់សង្គមកាន់តែប្រសើរឡើង៕