
សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទឥដ្ឋ ប្រាង្គទី២២របស់ប្រាសាទបាគង ដែលបានសាងឡើងពីឥដ្ឋ នៅផ្នែកខាងជើងដោយមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ ប្រាង្គកណ្ដាលនៅរួតទី៣ ទី៤ផ្នែកខាងលិច និងនៅតាមជញ្ជាំងប្រាង្គ នាទិសឦសានមានស្នាមប្រេះហែកចេញពីគ្នា ពីលើរហូតដល់ក្រោម ដែលអាចនឹងដួលរលំ ប្រសិនបើមានការប្រែប្រួលអាកាសធាតុ។
ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈមនិងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។ ប្រាង្គទី២២ មានបញ្ហាប្រឈមខ្ពស់ ដោយប្រាង្គកណ្ដាលនៅរួតទី៣ ទី៤ផ្នែកខាងលិច និងនៅតាមជញ្ជាំងប្រាង្គ នាទិសឦសានមានស្នាមប្រេះហែកចេញពីគ្នាតាំងតែពីលើរហូតដល់ក្រោម ដែលអាចនឹងដួលរលំ ប្រសិនបើមានការប្រែប្រួលអាកាសធាតុ។

បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងជួយសង្គ្រោះពង្រឹងរចនាសម្ពន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គដែលរងការពុកផុយខ្លាំងតាំងពីក្រោមរហូតដល់កំពូលលើជាមួយនិងបច្ចេកទេសបិទស្នាមប្រេះនៅតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ពន្ធពាក់ពន្ធ័មួយចំនួនទៀតដោយប្រើខ្សែកាបចងគ្រីបនៅខាងក្រៅកុំឱ្យរលុះផង។
ដំណាក់ដំបូងដែលត្រូវសង្រ្គោះបន្ទាន់ គឺត្រូវពង្រឹងគ្រឹះឬសង្រ្គោះត្រង់ចំណុចណាដែលមានហានិភ័យខ្ពស់ បន្ទាប់មកត្រូវសង្រ្គោះនៅកន្លែងផ្សេងៗទៀតដែលមានហានិភ័យបន្តបន្ទាប់។ ការងារមួយទៀត គឺត្រូវសម្អាតស្ងួតដោយដកយកកូនរុក្ខជាតិតូចៗដែលដុះនៅលើប្រាង្គ បោសសម្អាតដីចេញពីកន្លែងដែលត្រូវពង្រឹង បន្ទាប់ទៀត ត្រូវកោសស្លែចេញអស់ហើយ និងត្រូវសម្អាតដោយទឹកដើម្បីងាយស្រួលតភ្ជាប់ជាមួយកំបោរបាយអជាដើម៕



.jpg?1691997735)
.jpg?1691997755)

