ភ្នំពេញ៖ លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ នាថ្ងៃទី១៤ សីហា នេះ បានជំនួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឥណ្ឌាចំនួន ៤០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ និង បានផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ខិតខំសិក្សា ចេះជួយយកអាសាគ្នា និងសាមគ្គីគ្នា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។
លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតចំនួន ៤០នាក់ ដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឥណ្ឌាសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ ក្នុងអាហារូបករណ៍នេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ២៥នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៣នាក់ និងថ្នាក់បណ្ឌិតចំនួន ០២នាក់។
លោក អ៊ុម រម្យណី ក៏បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ខិតខំសិក្សា និងបានផ្តល់នូវចំណុចគន្លឹះក្នុងការរៀបចំខ្លួនជាអ្នកស្រាវជ្រាវ ការសរសេរអត្ថបទបច្ចេកទេស និងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សា និងការបង្កើតក្រុមទំនាក់ទំនង ចេះជួយយកអាសាគ្នា និងសាមគ្គីគ្នាដើម្បីទទួលបានជោគជ័យក្នុងការសិក្សា កសាងកេរ្តិ៍ឈ្មោះល្អជាកុលបុត្រខ្មែរ ដើម្បីវិលត្រឡប់មកមាតុភូមិវិញប្រកបដោយមោទកភាពដល់ក្រុមគ្រួសារ និងជាធនធានមនុស្សពូកែៗ សម្រាប់ចូលរួមកសាងកម្ពុជា៕